រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចូលរួមរំលែកទុក្ខគ្រួសារសព កុមារា ញឿង គីម អាយុ១៣ ឆ្នាំ ដែលបានទទួលមរណៈភាពដោយជំងឺបេះដូងចំហរ

សាខា កក្រក ខេត្តកោះកុង៖នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនថវិកាមួយចំនួនចូលរួមរំលែកទុក្ខគ្រួសារសព កុមារា ញឿង គីម អាយុ១៣ ឆ្នាំ មានជំងឺបេះដូងចំហរ បានទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះម្តាយរបស់សពកុមារា ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ និងសូមបួងសួងដល់ដួងវិញ្ញាណក័ន្ធក្មួយប្រុស បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកនាយកសាខា បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត និង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទសូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូត ភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ ជានិច្ច និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ថវិកាដែលសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសព ចំនួន២០ម៉ឺនរៀល ម៉ាស់១០សន្លឹក ជែលលាងដៃ៣ដប អាវយឺត២ផងដែរ។

អត្ថបទទាក់ទង