រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុងជូនដល់មន្រ្ដីរាជការក្នុងស្រុកកោះកុង 

ស្រុកកោះកុង​ ៖​ នៅរសៀលថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤​ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុងជូនដល់មន្រ្ដីរាជការក្នុងស្រុកកោះកុង ​ក្រោមអធិបតីភាព លោក ហែម​ ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង​ និងមានអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង ដោយលោកហេង គីមឆន នាយកទីចាត់រដ្ឋបាល​ នៃរដ្ឋបាលខេត្តកោះកុង​ និងលោក អ៉ឹង  បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​ សង្កាត់​ និងជាជនបង្គោលព័ត៌មានវិទ្យា។ 

វគ្គបណ្តុះបណ្តាល​នេះមានការចូលរួមពីមន្រ្តីបង្គោលព័ត៌មានវិទ្យាស្រុក  មន្រ្តីបង្គោលព័ត៌មានវិទ្យាអធិការដ្ឋាន​នគរបាល​ មន្រ្តីបង្គោលព័ត៌មានវិទ្យាឃុំ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំទាំងបួន​ នៃស្រុកកោះកុង​ សរុបចំនួន២៣នាក់​ ស្រី​ ០២នាក់

ក្នុងនោះដែរលោកអភិបាលរងស្រុក បានលើកឡើងថាបណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញសង្គម ហ្វេសបុក តែម្តង។ ជាការពិតណាស់ ក្រុមការងារខេត្ត បានសហការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារជាមួយ ក្រុមការងារថ្នាក់ស្រុក ដែលជាជនបង្គោលដ៏សំខាន់ សម្រាប់ស្រុករបស់យើងការងារនេះបានដំណើរការ និងមានការរីកចំរើនជាបន្តបន្ទាប់ ដោយមានការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោកលោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីបញ្ចប់សកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជន បានដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ទេសភាព លិខិតបទដ្ឋានគតិយុត្តនានា យុទ្ឋនាការ រួមទាំងព្រឹត្តិការណ៍នានា ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។  

អស់លោក​ លោកស្រីទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យាបណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ អោយយើងទាំងអស់គ្នាបានយល់ដឹងអំពីទៅជាព័ត៌មានពិត និងអ្វីទៅជាព័ត៌មានក្លែងក្លាយ​ ខ្ញុំសូមបញ្ជាក់ថា សព្វថ្ងៃព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែកតិចតួចនៅឡើយ។

ដើម្បីអោយព័ត៌មានពិតបានផ្តល់ទៅដល់សាធាណៈជនសូមបងប្អូនទាំងអស់ចូលរួមសហការយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារខេត្ត ក្រុមការងាររដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយ ចែករំលែក អោយបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។


ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ទៅបានទាមទារឲ្យអស់លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាននៅក្នុងមូលដ្ឋានរបស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្តជូនដល់សាធារណៈជន អោយបានកាន់តែទូលំទូលាយបន្ថែមទៀត។​ ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគំនិតសំខាន់ៗមួយចំនួន ក្នុងនាមថ្នាក់ដឹកនាំស្រុក ការិយាល័យ អង្គភាពចំណុះរដ្ឋបាល​ រដ្ឋបាល​ឃុំ​រួមជាមួយខាងអធិការដ្ឋាន ត្រូវតែ ៖

១/ពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុក ដូចជាសម្ភារ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការរៀបចំព័ត៌មាន។
២/ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួនដល់មន្ត្រីទទួលបន្ទុកអោយបានទាន់ពេលវេលានិងគ្រប់ជ្រុងជ្រោយ។​ ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការអោយកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រង វេបសាយនិងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានពេញលេញ និងមានតម្លាភាព​ ព្រមទាំងចូលរួមឆ្លើយតបអោយបានសមស្របនិងទាន់ពេលវេលា។  

ជាទីបញ្ចប់ ខ្ញុំសូមអោយអស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ស្តាប់ដោយយកចិត្តខ្ពស់បំផុត ពីបទបង្ហាញរបស់ក្រុមការងារខេត្ត នាពេលបន្តិចទៀតនេះ និងនាំយកនូវចំណេះដឹង បទពិសោធន៍ ដែលទទួលបាន ទៅចែករំលែក និងផ្សព្វផ្សាយដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្តទៀត

អត្ថបទទាក់ទង