រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា ដល់រដ្ឋបាលស្រុក ឃុំ ព្រមទាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបួន

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា ដល់រដ្ឋបាលស្រុក ឃុំ ព្រមទាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបួន ដោយមានការសម្របសម្រួលពី លោក ហេង គឹមឆន នាយកទីចាត់ការរដ្ឋបាលខេត្ត និងក្រុមការងារព័ត៌មានវិទ្យាខេត្ត នៅសាលប្រជ(ខ)សាលាស្រុកបូទុមសាគរ

លោកអភិបាលរងស្រុក បានលើកឡើង អស់លោក លោកស្រី បានជ្រាបរួចហើយថា បណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញសង្គមហ្វេសបុក តែម្តង។ ជាការពិតណាស់ ក្រុមការងារព័ត៌មានវិទ្យាខេត្ត បានសហការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារ ជាមួយក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក ដែលជាជនបង្គោលដ៏សំខាន់ សម្រាប់ស្រុករបស់យើង ការងារនេះបានដំណើរការ និងមានការរីកចម្រើន ជាបន្តបន្ទាប់ ដោយមានការចូលរួម មិនអាចខ្វះបានពីសំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាព ការងារ និងអត្ថបទ មកក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីបញ្ចប់សកម្មភាពការងាររបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជន បានដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ ទេសចរណ៍ ទេសភាព លិខិតបទដ្ឋានគតិយុត្តនានា យុទ្ធនាការ រួមទាំងព្រឹត្តិការណ៍នានា ដែលកើតមានមូលដ្ឋានរបស់ខ្លួន។
អស់លោក លោកស្រីទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យាបណ្តាញសង្គម និងសារព័ត៌មាន ដែលនាំឱ្យយើងទាំងអស់គ្នាបានយល់ដឹងអំពីទៅជា ព័ត៌មានពិត និងអ្វីទៅជាព័ត៌មានក្លែងក្លាយ ខ្ញុំសូមបញ្ជាក់ថាសព្វថ្ងៃ ព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែព័ត៌មានពិត ព័ត៌មានជា ប្រយោជន៍ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែកតិចតួចនៅឡើយ។ ដើម្បីឱ្យព័ត៌មានពិត បានផ្តល់ទៅដល់សាធាណៈជន សូមបងប្អូនទាំងអស់ ចូលរួមសហការយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត ក្រុមការងារព័ត៌មានវិទ្យារដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយ ចែករំលែក ឱ្យបានរហ័ស នឹងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។
ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ទៅបានទាមទារ ឱ្យអស់ លោកលោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាន នៅក្នុងមូលដ្ឋានរបស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគំនិតសំខាន់ៗមួយចំនួន ក្នុងនាមថ្នាក់ដឹកនាំស្រុក ឃុំ និងការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ឃុំ ត្រូវតែយកចិត្តទុកដាក់៖
-ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្ត ដល់មន្ត្រីទទួលបន្ទុក ដូចជា សម្ភារ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការនៃការរៀបចំព័ត៌មាន។
-មន្ត្រីរាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ ព័ត៌មានរបស់ខ្លួន ដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
-ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញ ទទួលបន្ទុកគ្រប់គ្រង វេបសាយ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ឱ្យបានពេញលេញ និងមានតម្លាភាព ព្រមទាំងចូលរួមឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា។
ជាទីបញ្ចប់ ខ្ញុំសូមឱ្យអស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ ស្តាប់ដោយ យកចិត្តខ្ពស់បំផុត ពីបទបង្ហាញរបស់ក្រុមការងារព័ត៌មានវិទ្យាខេត្ត នាពេលបន្តិចទៀតនេះ នឹងនាំយកនូវចំណេះដឹង បទពិសោធន៍ ដែលទទួលបានទៅចែករំលែក និងផ្សព្វផ្សាយដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្តទៀត៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង