/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៦ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៦ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួម ជាមួយ  ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ជាអធិបតីក្នុងពិធី «បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៦ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង នៃយោធភូមិភាគទី៣»នាឱកាសនេះ។
ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះ នាយទាហាន នាយទាហានរងទាំង ៨៨នាក់  ដែលត្រូវបាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាថ្នាក់ដឹកនាំ និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ។ ខ្ញុំសង្ឃឹម យ៉ាងម៉ុតមាំថា នាយទាហាន នាយទាហានរងទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីនេះនឹងបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្តកម្លាំងប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរសំដៅ​ពង្រឹង​កិច្ច​ការ ​ការពារ​ជាតិ​ លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំ​ដែន​ ល្បាត​ជា​ប្រចាំ ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ ​រៀងៗ​ខ្លួន ដើម្បី​តាម​ដាន​ ត្រួត​ពិនិត្យ​ គ្រប់​គ្រង​សភាព​ការណ៍ ​និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ ​នៅ​តាម​តំបន់​ព្រំដែន ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បា​ប់ ​និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះ​កុង​ ទាំងមូល។
ខ្ញុំសូមរំលឹកជូនថាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ក្រោមម្លប់នៃសន្តិភាពនេះ បានអនុញ្ញាតឱ្យប្រទេសជាតិយើង មានលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបាននាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយ ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
 រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ដោយឈរលើគោលជំហរច្បាស់លាស់ បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងការថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពសង្គម។
 ចាប់តាំងពីកងទ័ពថៃ បានធ្វើសកម្មភាពឈ្លានពាន មកលើបូណរភាពទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែន ជាពិសេសប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី… ជាដើម សកម្មភាពឈ្លានពានរបស់កងទ័ពថៃនេះ តម្រូវឱ្យកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួន ជាពិសេសក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាយើងរក្សាភាពអត់ធ្មត់រហូតដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាមានជំនឿជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ និងប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរក្សាខឿនការពារជាតិ និងរកដំណោះស្រាយតាមមធ្យោបាយកាទូត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
 ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពនៃវីរកងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិនាពេលកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិភាគ៣ ជាទីគោរព ! គណៈអធិបតី !សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ជាទីមេត្រី ! ការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព គឺជាការងារ ដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធឱ្យកាន់តែមានប្រសិទ្ធភាព និងសមស្របទៅនឹងតម្រូវការជាក់ស្តែង នៃការងារការពារជាតិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈការហ្វឹកហ្វឺននេះ កងកម្លាំងរបស់យើង ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជាផ្សេងៗប្រកបដោយវិន័យ សាមគ្គីភាព ការទទួលខុសត្រូវ និងស្មារតីស្នេហាជាតិជាធ្លុងមួយ។ ជាមួយគ្នានេះ ការហ្វឹកហ្វឺនក៏ផ្តោតលើការ ពង្រឹងសុខភាព កាយសម្បទា ភាពរហ័សរហួន សមត្ថភាពសហការជាក្រុម និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ផ្សេងៗដែលអាចកើតមានឡើង។ ការអនុវត្តត្រូវធ្វើឡើងដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ បទបញ្ជា វិន័យ និងគោលការណ៍សុវត្ថិភាពជាចម្បង ជាពិសេសត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការគោរពច្បាប់ និងការបំពេញភារកិច្ច ដោយអព្យាក្រឹតភាព មិនលម្អៀង និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នាងខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាម ជាយោធិនទាំងអស់ ត្រូវខិតខំរៀនសូត្រ ហ្វឹកហ្វឺន និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីការហ្វឹកហ្វឺននេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ។
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    21/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានជួបស្វាគមន៍ប្រធានថ្មីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីពង្រឹងកិច្ចសហការរវាងមន្ទីរបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

  • ហេង គីមឆន/
    21/08/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    21/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ​ដឹកនាំលោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចុះសំណេះសំណាល​ សួរសុខទុក្ខគ្រូឧទ្ទេសាចារ្យ​ អ្នកគ្រូ​ និងសមណសិស្ស​ សាលាពុទ្ធិកបឋមសិក្សាសម្តេចមហាសង្ឃរាជបួរ​ គ្រី​ វត្តទេពនិមិត្ត

  • មន្ទីរបរិស្ថាន/
    21/08/2026

    លោក សន កក្កដា អនុប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមត្រួតពិនិត្យ និងប្រមូលទិន្នន័យពីកាមេរ៉ាស្វ័យប្រវត្តិ ដើម្បីចូលរួមអភិរក្សសត្វខ្លាត្រី និងជីវចម្រុះ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បានបន្តនាំយកខោទឹកនោមកុមារ ដែលជាអំណោយរបស់ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) ចែកជូនក្រុមគ្រួសារអ្នកជំងឺ ដែលមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពីលោកជំទាវ ឈី វ៉ាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពយើងចំនួនពីររូប ដែលភរិយារបស់លោកបានមកសម្រាលកូន និងកំពុងសម្រាក ថែទាំ ព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។