រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមដំបូលនៃសុខសន្តិភាព និងស្ថានភាពភូមិសាស្ត្រ ដែលមានភាពអំណោយផលពីធម្មជាតិ និងមានសក្តានុពលដ៏សម្បូរបែប បាននាំឱ្យខេត្តកោះកុង មានឱកាស និងលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវដែលមានអានុភាព៨០០មេហ្គាវ៉ាត់ វារីអគ្គិសនីធំៗចំនួន០៦កន្លែង តំបន់សេដ្ឋកិច្ចពិសេសចំនួន០៥កន្លែង ក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្ម និងដំណាំកៅស៊ូ ចំនួន ០៨ក្រុមហ៊ុន ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយវិនិយោគលើ វិស័យទេសចរណ៍ចំនួន១០ក្រុមហ៊ុន តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ក្រៅពីសមិទ្ធផលនៃការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង អរូបវ័ន្ត ក្នុងនោះផ្នែកសន្តិសុខសណ្តាប់សាធារណៈ ក៏ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ បាន អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយ៉ាងយកចិត្តទុកដាក់ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើ។ ចំពោះការរៀបចំហេដ្ឋារចនា សម្ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បាននឹងកំពុង ថែទាំ និងអភិវឌ្ឍពង្រីកបន្ថែមនៅគ្រប់ មូលដ្ឋានឃុំ សង្កាត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយ ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ចំពោះការអនុវត្តការងារប្រចាំថ្ងៃ ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ដែលទើបតែប្រកាសចូលកាន់ តំណែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាពេលកន្លងមក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ និងទី២ របស់ខ្លួន ស្របតាមខ្លឹមសារនៃប្រកាសលេខ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី កិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញ លើកទី២ របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ទន្ទឹមនេះ គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឱ្យយកចិត្ត ទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញ តួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកដោយប្រសិទ្ធភាព។ ដោយឡែកការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការជួយគាំទ្រឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យ ច្រកចេញចូលតែមួយ ក្រុង ស្រុក បាននិងកំពុងដំណើរការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋមូលដ្ឋាន បានយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅ មូលដ្ឋាន។
ឯកឧត្តម រដ្ឋលេខាធិការ និង គណៈអធិបតី ជាទីគោរព ! អង្គពិធីទាំងមូល ជាទីមេត្រី ! ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាពេលនេះ នាងខ្ញុំ សូមចូលរួមអបអរសាទរ ចំពោះ លោក ឈិត រតនៈ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ នាងខ្ញុំសង្ឃឹមថា លោកអភិបាលរងខេត្តថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង នាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញ ជាបន្តបន្ទាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ក្នុងពិធី “ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង” នាឱកាសនេះ និងសូម ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជា គណៈអធិបតី និងជាភ្ញៀវកិត្តិយសក្នុង ពិធី “ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង” នាពេលនេះ។
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ July 25, 2024

អត្ថបទទាក់ទង