រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ជំនួសមុខក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ និងខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រលើប្រធានបទ “ស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ដ្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្ដាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្ដារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ គ្មានសន្តិភាព គឺគ្មានអ្វីគ្រប់យ៉ាង ជាសក្ខីភាព ២៥ឆ្នាំ បន្ទាប់ពីទទួលបាននូវសុខ សន្តិភាពពេញលេញនៅទូទាំងប្រទេស អាស្រ័យដោយ គោលនយោបាយ «ឈ្នះ-ឈ្នះ‍‍» កម្ពុជាដែលជាប្រទេសគេធ្លាប់ភ័យខ្លាចគ្រប់ៗគ្នា ដោយសារសង្គ្រាមរ៉ាំរ៉ៃ វាលពិឃាដ និងចម្ការមីន បានក្លាយជាប្រទេសដែលមានសុវត្ថិភាព និងជាតំបន់ទេសចរណ៍លំដាប់សកលប្រកបដោយប្រជាប្រិយភាពនិងស្នាមញញឹមរបស់ប្រជាជន។ ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គឺជាតឹកតាងនៃការឈានដល់យុគសម័យឌីជីថលលូបនីយកម្មសកល ដែលកម្ពុជាត្រូវចាប់យកឱ្យខានតែបាន។ ម៉្យាងវិញទៀត ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ត្រូវបានកំណត់ដោយការធ្វើបដិវត្តឧស្សាហកម្មទី៤ ដែលចែងច្បាស់នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥។ នៅក្នុងនោះ រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសលើការបង្កើនការចូលរួមរបស់ស្ដ្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្មកម្ម សិល្បៈការច្នៃប្រឌិត និងគណិតវិទ្យា(STEAM)។ ដើម្បីឆ្លើយតបនឹងមូលបទ “ស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” នេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ដ្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្ដ្រីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិ ចូលរួមដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិនិងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរនិងប្រកបដោយសុខុមាលភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដល់មន្រ្ដីរាជការនៃមន្ទីរកិច្ចការនារីខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរកិច្ចការនារីខេត្ត ក្នុងការចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្រ្តី ជាពិសេសខ្ញុំសូមវាយតម្លៃខ្ពស់ និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្ដ ក្រុង ស្រុក គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម ដើម្បីស្រ្ដី និងកុមារទទួលបាននូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការផ្លាស់ប្ដូរឥរិយាបថសង្គមឱ្យទទួលស្គាល់ និងចាត់ទុកស្ដ្រីជាដៃគូរដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដោយជួយជំរុញការកសាង និងអភិវឌ្ឍស្រ្ដី ក៏ដូចជាការផ្ដល់ឱកាសឱ្យស្ដ្រីចូលរួមប្រកបដោយសមភាពក្នុងគ្រប់ការងារ និងគ្រប់វិស័យ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សូមស្នើឱ្យមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបុរសប្រធានស្ថាប័ន ផ្តល់ឱកាសការងារ បង្កើនចំនួនស្ត្រី និងសូមឱ្យអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ យកចិត្តទុកដាក់ដល់មន្ត្រីជានារី ក្នុងអង្គភាព និងសូមអំពាវនាវឱ្យបន្ដការងារនេះតទៅទៀត ដើម្បីវឌ្ឍនភាព នៅក្នុងខេត្ដកោះកុង៕
ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ March 1, 2023

អត្ថបទទាក់ទង