រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ពាក់ព័ន្ធនឹង​ដីសម្បទានសង្គមកិច្ច នៅខេត្តកោះកុង

លោក សុខ​ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បាន​ទទួល​ការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីដឹកនាំកិច្ចប្រជុំ​ ស្តីពីការផ្តល់កម្មសិទ្ធិលើដី និងផ្ទះសម្បទានសង្គមកិច្ច ដែលបានផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ចូលនិវត្តន៍ បាត់បង់សមត្ថភាព​ការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ។ កិច្ចប្រជុំនេះត្រូវបានរៀបចំនៅសាលាខេត្តកោះកុង ដោយមានសមាសភាពចូលរួមដូចជា មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលរងស្រុកបូទុមសាគរ នាយកទីចាត់ការអន្តរវិស័យ តំណាង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអ្នកពាក់ព័ន្ធ។​
ដើម្បី​ក្តាប់បាននូវទិន្នន័យពិតប្រាកដ​ នៃការប្រើប្រាស់ដីសម្បទានសង្គមកិច្ចក្នុងខេត្តកោះកុង លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ​រដ្ឋបាលស្រុកបូទុមសាគរដឹកនាំនិងសហការ​ ជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ​ជាក់ស្តែង​នូវការប្រើប្រាស់ដីសម្បទានសង្គមកិច្ច​ ថាតើទិន្នន័យ​អ្នកដែលទទួលបានផ្ទះសង្គមកិច្ច​មករស់នៅអចិន្ត្រៃយ៍បានប៉ុន្មានគ្រួសារ អ្នកមករស់នៅមិនអចិន្ត្រៃយ៍ប៉ុន្មានគ្រួសារ ដីចំការសង្គមកិច្ច​ប្រើប្រាស់​បង្ករបង្កើនផល​ជាប្រចាំ​បានប៉ុន្មាន​ហិកតា។ សូមបញ្ជាក់ផងដែរថា ទីតាំងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តកោះកុង មានចំនួន៣ទីតាំងគឺ ១.ស្ថិតនៅស្រុកថ្មបាំង ២.ស្ថិតនៅស្រុកកោះកុង ៣.ស្ថិតនៅស្រុកបូទុមសាគរ។ ចំពោះទីតាំង​ដីសម្បទានសង្គមកិច្ចទាំង៣ទីតាំងនេះ មានតែទីតាំងនៅស្រុកបូទុមសាគរមួយប៉ុណ្ណោះ ដែលមានការប្រើប្រាស់មួយចំនួន ចំណែកឯ២ទីតាំងផ្សេងទៀត​ពុំទាន់មានការប្រើប្រាស់នៅឡើយ។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បានធ្វើការណែនាំ​ដល់​អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមទប់ស្កាត់ឱ្យបាន​នូវការទន្ទ្រាន កាន់កាប់ទីតាំងដីសម្បទានសង្កមកិច្ចដោយខុសច្បាប់​៕

អត្ថបទទាក់ទង