លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៦ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួម ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ជាអធិបតីក្នុងពិធី «បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៦ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង នៃយោធភូមិភាគទី៣»នាឱកាសនេះ។
ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះ នាយទាហាន នាយទាហានរងទាំង ៨៨នាក់ ដែលត្រូវបាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាថ្នាក់ដឹកនាំ និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ។ ខ្ញុំសង្ឃឹម យ៉ាងម៉ុតមាំថា នាយទាហាន នាយទាហានរងទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីនេះនឹងបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្តកម្លាំងប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរសំដៅពង្រឹងកិច្ចការ ការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ រៀងៗខ្លួន ដើម្បីតាមដាន ត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន សកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុង ទាំងមូល។
ខ្ញុំសូមរំលឹកជូនថាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ក្រោមម្លប់នៃសន្តិភាពនេះ បានអនុញ្ញាតឱ្យប្រទេសជាតិយើង មានលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបាននាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយ ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ដោយឈរលើគោលជំហរច្បាស់លាស់ បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងការថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពសង្គម។
ចាប់តាំងពីកងទ័ពថៃ បានធ្វើសកម្មភាពឈ្លានពាន មកលើបូណរភាពទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែន ជាពិសេសប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី… ជាដើម សកម្មភាពឈ្លានពានរបស់កងទ័ពថៃនេះ តម្រូវឱ្យកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួន ជាពិសេសក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាយើងរក្សាភាពអត់ធ្មត់រហូតដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាមានជំនឿជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ និងប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរក្សាខឿនការពារជាតិ និងរកដំណោះស្រាយតាមមធ្យោបាយកាទូត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពនៃវីរកងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិនាពេលកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិភាគ៣ ជាទីគោរព ! គណៈអធិបតី !សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ជាទីមេត្រី ! ការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព គឺជាការងារ ដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធឱ្យកាន់តែមានប្រសិទ្ធភាព និងសមស្របទៅនឹងតម្រូវការជាក់ស្តែង នៃការងារការពារជាតិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈការហ្វឹកហ្វឺននេះ កងកម្លាំងរបស់យើង ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជាផ្សេងៗប្រកបដោយវិន័យ សាមគ្គីភាព ការទទួលខុសត្រូវ និងស្មារតីស្នេហាជាតិជាធ្លុងមួយ។ ជាមួយគ្នានេះ ការហ្វឹកហ្វឺនក៏ផ្តោតលើការ ពង្រឹងសុខភាព កាយសម្បទា ភាពរហ័សរហួន សមត្ថភាពសហការជាក្រុម និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ផ្សេងៗដែលអាចកើតមានឡើង។ ការអនុវត្តត្រូវធ្វើឡើងដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ បទបញ្ជា វិន័យ និងគោលការណ៍សុវត្ថិភាពជាចម្បង ជាពិសេសត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការគោរពច្បាប់ និងការបំពេញភារកិច្ច ដោយអព្យាក្រឹតភាព មិនលម្អៀង និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នាងខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាម ជាយោធិនទាំងអស់ ត្រូវខិតខំរៀនសូត្រ ហ្វឹកហ្វឺន និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីការហ្វឹកហ្វឺននេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ។
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

















































































