រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងការធ្វើបង្ហាញ ស្តីពីការដាំដុះបន្លែ និងដំណាំរួមផ្សំដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ

ថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងការធ្វើបង្ហាញ ស្តីពីការដាំដុះបន្លែ និងដំណាំរួមផ្សំដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ ជូនដល់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតនូវស្នាក់ការសហគមន៍អភិវឌ្ឍន៍កសិកម្មសុវណ្ណាបៃតង ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។ វគ្គបណ្តុះបណ្តាលប្រព្រិត្តទៅក្រោមការសម្របសម្រួលដោយលោក ស៊ឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងសហការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបូទុមសាគរ។

កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចូលរួមវគ្គមានចំនួនសរុប ២៨ នាក់ ស្រី១៤។

ប្រធានបទដែលបានលើកយកបង្ហាញ  និងពិភាគ្សារួមក្នុងក្រុមរួមមាន៖

១.  ការជ្រើសរើសពូជអោយសមស្របតាមតម្រូវការទីផ្សា ២. ការរៀបចំដី និងរោង ៣. ការតម្លើងប្រព័ន្ធស្រោចស្រព្វដោយដំណក់ទឹក ៤. ការគ្របរោង ៥.  ការដាំដុះនិងថែទា ៦. ការដាក់ទ្រើង  ៧. ការស្រោចស្រព ៨. ការបញ្ចូលជីតាមប្រព័ន្ធដំណក់ទឹក ៩. ការគ្រប់គ្រងសត្វល្អិតចង្រៃ និងវិធានការការពារ  និង ១០. ការប្រមូលផល និងការវិភាគអំពីតម្លៃសេដ្ឋកិច្ច។ល។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមយ៉ាងផុលផុសពីកសិករ ជាពិសេសការសួរនាំអំពីរបៀបនៃការរៀបចំដី របៀបនៃការប្រើប្រាស់ជីទៅតាមដំណាក់កាលនិមួយៗ របៀបនៃការរៀបចំប្រព័ន្ធដំណក់ទឹក ការគ្របរោងដោយថង់ផ្លាស់ស្ទិកវិធានការណ៍ក្នុងការការពារជម្ងឺលើដំណាំ និងសត្វល្អិតចង្រៃ និងបញ្ហាផលិតផលជាមួយនិងទីផ្សា។ ចំពោះសំនួរដែលសិក្ខាកាមបានសួរ ត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីមន្រ្តីជំនាញដែលជាក្រុមគ្រូបង្គោល និងដើម្បីបានយល់កាន់តែច្បាស់បន្ថែមទៀត ក្រុមគ្រូបង្គោលក៍បានរៀបចំការធ្វើបង្ហាញផ្ទាល់ទៅលើកសិករគម្រូចំនួន២រូបជូនដល់សិក្ខាកាម ដោយលើកយករបៀបនៃការដាំដំណាំត្រសក់ទ្រើង យកមកធ្វើជាឧទាហរណ៍ជូនដល់កសិករដែលបានចូលរួមវគ្គ។

ធាតុចូលកសិកម្មដែលបានផ្តល់ជូនកសិករជ្រើសរើសយកមកធ្វើបង្ហាញក្នុងមួយបង្ហាញមានដូចជា៖ ១. ទុយោដំណក់ទឹកចំនួន ០១ដុំ ២. រ៉ូបីណេដំណក់ទឹកចំនួន ២០ដុំ ៣. ចម្រោះទឹក ០១គ្រឿង ៤. កៅស៊ូគ្របរោងចំនួន ០១ដុំ ៥. សំណាញ់ទ្រើងចំនួន ០១ដុំ ៦. ត្រេបណ្តុះកូនចំនួន ១២ ត្រេ  ៧. គ្រាប់ពូជចំនួន ០៤កញ្ចប់ ៨. ថ្នាំសម្រាប់ត្រាំពូជចំនួន០១ដប និង ៩. កំបោសចំនួន ០១បាវ។

ចំពោះបញ្ហាទីផ្សា ក្រុមការងារក៍បានធ្វើការបង្ហាញអំពីគម្រោងនៃការសាងសង់ស្នាក់ការប្រមូលនិងចែកចាយកសិផល ជូនដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ដែលនឹងត្រូវសាងសង់នៅជាប់របងសាលាឃុំកណ្តោល ដែលវានឹងជាផ្នែកមួយចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សាជូនពួកគាត់ ក្នុងឆ្នាំបន្ទាប់។ វគ្គបណ្តុះបណ្តាលនិងការធ្វើបង្ហាញត្រូវបានបិតបញ្ចប់វិញក្រោមបរិយាកាសរីករាយ និងលទ្ធផលគួរជាទីពេញចិត្ត។

អត្ថបទទាក់ទង