លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
កិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងពង្រឹងការអនុវត្តការងារបច្ចេកទេសសុខាភិបាលនៅតាមមូលដ្ឋាន។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃកម្មវិធី និងសកម្មភាពសុខាភិបាលសំខាន់ៗ រួមមាន កម្មវិធីគាំពារមាតា និងទារក ការងារអាហារូបត្ថម្ភ ការផ្តល់ថ្នាំបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ការប្រើប្រាស់ប្រព័ន្ធព័ត៌មានសុខាភិបាល ការគ្រប់គ្រង និងប្រើប្រាស់ឱសថ ការងារបង្ការ និងថែទាំអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ និងការងារបង្ការ ការរកឃើញ និងព្យាបាលជំងឺរបេង។ល។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីការពង្រឹងការចុះគាំទ្រ និងតាមដានការងារបច្ចេកទេសនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីធានាថាការអនុវត្តសកម្មភាពសុខាភិបាលនៅមូលដ្ឋានមានប្រសិទ្ធភាព ស្របតាមគោលការណ៍ បច្ចេកទេស និងនីតិវិធីដែលបានកំណត់។ ក្នុងកិច្ចប្រជុំ ក្រុមការងារបានរាយការណ៍នូវរបាយការណ៍ ពិនិត្យបញ្ហាប្រឈម និងកំណត់វិធានការដោះស្រាយ ដោយផ្តោតលើការកែលម្អគុណភាពសេវា ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។កិច្ចប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងការរួមគ្នាពង្រឹងការអនុវត្តកម្មវិធីសុខាភិបាលនានា ជាពិសេសការថែទាំសុខភាពមាតា និងទារក អាហារូបត្ថម្ភ ការពារកុមារពីជំងឺឆ្លង ជំងឺមិនឆ្លង និងការបង្ការ-ទប់ស្កាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈ។
ពេលព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
August 25, 2026









