រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ និងការចុះពិនិត្យវឌ្ឍនភាពការអនុវត្តស្តីពីប្រតិបត្តិការព្រំដែនទន្លេមេគង្គ

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ និងពិនិត្យវឌ្ឍនភាពការអនុវត្ត ស្តីពីប្រតិបត្តិការព្រំដែនទន្លេមេគង្គ នៅការិយាល័យទំនាក់ទំនងព្រំដែន BLO ចំយាម ខេត្តកោះកុង រួមជាមួយឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម តំណាងដ៏ខ្ពង់ខ្ពស់ បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានការិយាល័យBLO ខេត្តកោះកុង ព្រមទាំងវត្តមានចូលរួមពីមន្រ្តីរាជការ ពីមន្ទីរ អង្គភាព អាជ្ញាធរស្រុកមណ្ឌលសីមា កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ។

ឯកឧត្ដម អធិបតី បានថ្លែងផ្តល់នូវទស្សនទានចំនួន៣ រួមមាន÷ ១.ស្ថានភាពគ្រឿងញៀនក្នុងពិភពលោក ក្នុងតំបន់ និងក្នុងប្រទេស ២.ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភាលើបញ្ហាគ្រឿងញៀន  ៣.ផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការព្រមទាំងពិនិត្យការអនុវត្តសកម្មភាពត្រួតពិនិត្យ និង ឆែកឆេរក្នុងប្រតិបត្តិការព្រំដែនទន្លេមេគង្គនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង

ជាមួយគ្នានេះ  ឯកឧត្តម អធិបតី បានលើកឡើងថា កម្ពុជាយេីងបានចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ចូលរួមសកម្មភាពក្នុងប្រតិបត្តិការខាងលេី ក្នុងការចូលរួមលំហាត់របៀបនេះគឺក្នុងគោលបំណងសំខាន់ គឺដាក់សម្ពាធដល់ក្រុមឧក្រិដ្ឋជន តាមរយៈការពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យ ឆែកឆេរ ស្វែងរក និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន រថយន្តដឹកទំនិញ អ្នកធ្វើដំណើរ(ចេញ-ចូល)ឆ្លងកាត់ព្រំដែន ទទួលបានលទ្ធផល ដែលសមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ថែមពីនេះក៏បានស្នើឲ្យក្រុមការងារការិយាល័យទំនាក់ទំនងព្រំដែនBLO ខេត្តមានរបបប្រជុំជាទៀងទាត់ និងបន្តពង្រឹងយន្តការនេះផងដែរ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារ បានអញ្ជើញល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន (កម្ពុជា-ថៃ)ដើម្បីពង្រឹងការដឹកនាំការផ្លាស់ប្តូរព័ត៌មានចារកម្ម និងការស៉ើបអង្កេតប្រតិបត្តិការបទល្មើសឆ្លងដែន ព្រមទាំងត្រួតពិនិត្យយានយន្ត មធ្យោបាយធ្វើដំណើរ និងអ្នកដំណើរឆ្លងដែន នៅទីតាំងភូមិសាស្ត្រ ច្រកទ្វារព្រំដែនអន្តរជាតិចំយាម និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៃខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ July 25, 2024

អត្ថបទទាក់ទង