រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងថ្មី ស្តីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងរិយាបន្ន សម្រាប់កុមារីរស់នៅសហគមន៏ដាច់ស្រយាល និងងាយរងគ្រោះ របស់អង្គការសហព័ន្ធ សាលារៀនពិភពលោកកម្ពុជា (United World Schools in Cambodai: UWS Cambodai)

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងថ្មី ស្តីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងរិយាបន្ន សម្រាប់កុមារីរស់នៅសហគមន៏ដាច់ស្រយាល និងងាយរងគ្រោះ របស់អង្គការសហព័ន្ធ សាលារៀនពិភពលោកកម្ពុជា (United World Schools in Cambodai: UWS Cambodai)

លោកស្រីអភិបាលរង បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាងខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដែលបានចូលរួមជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងថ្មី ស្តីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងរិយាបន្ន សម្រាប់កុមារីរស់ នៅសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះ របស់អង្គការសហព័ន្ធសាលារៀនពិភពលោកកម្ពុជា (United World Schools in Cambodai: UWSកម្ពុជា) នៅខេត្តកោះកុង របស់យើង នាពេលនេះ។ នាងខ្ញុំសូមវាយតម្លៃខ្ពស់និងសូមកោតសរសើរដោយស្មោះ ចំពោះអង្គការ UWSកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរស្រុកស្រែអំបិល និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការយ៉ាង ល្អក្នុងការរៀបចំពិធីនេះឡើង ។ តាមរយៈ របាយការណ៍របស់លោក ម៉ក់ សុខា នាយកប្រចាំប្រទេសនៃអង្គការ UWSកម្ពុជា ក៏ដូចជាមតិរបស់លោក ង៉ែត ឡើង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាពេលអំបាញ់មិញ បាន បង្ហាញពីលទ្ធផលការងារដ៏ជោគជ័យរបស់វិស័យអប់រំនៅក្នុងខេត្តកោះកុង ក៏ដូចជាមោទនភាព ដែលអង្គការ UWSកម្ពុជា បានអនុវត្តកន្លងមក នៅតាមបណ្តាខេត្តទាំង០៧ ដោយបានផ្តល់ការឧបត្ថម្ភ ដល់សិស្សានុសិស្សរហូតដល់ ១០,៤៦៩នាក់ ឱ្យបានចូលរៀន។ លទ្ធផលទាំងនេះ បានបង្ហាញពីការចូលរួមចំណែកដ៏ធំធេងរបស់អង្គការដៃគូក្នុងកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្ត ក្នុងការរួមចំណែក អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅខេត្តកោះកុងយើងខ្ញុំ។
អង្គពិធីទាំងមូលជាទីមេត្រី ! រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនៅក្នុងបញ្ចកោណទី១ បានចែងអំពីការអភិវឌ្ឍមូលធនមនុស្ស ដោយបានកំណត់មុំ ចំនួន៥ គឺ៖
-មុំទី១ : ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
-មុំទី២ : ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
-មុំទី៣ : ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
-មុំទី៤ : ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង
-មុំទី៥ : ការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌, សមធម៌ និងបរិយាបន្ន ។
ការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញពិពិធកម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចលើកកម្ពស់តម្លៃវប្បធម៌ និង បង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការណ៍នេះបង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស មានសារៈសំខាន់ដើម្បីឆ្លើយតបទៅ នឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
អង្គពិធីទាំងមូល ! ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដូចបានរៀបរាប់ខាងលើនេះ កន្លងមកក្រសួងអបរំ យុវជន និងកីឡា និងរដ្ឋបាលខេត្តកោះកុង ដោយមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាអង្គភាពជំនាញដែលជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ខិតខំ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលល្អ គួរជាទីមោទនៈ។ លទ្ធផលជោគជ័យដែល យើងទទួលបានលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនេះ មិនអាចកាត់ផ្តាច់បានពីការរួម ចំណែកដ៏ធំធេងរបស់ដៃគូអភិវឌ្ឍនានាឡើយ។
ថ្ងៃនេះ យើងបានចូលរួមពិធីដ៏មានសារៈសំខាន់មួយទៀត គឺ ការដាក់ឱ្យដំណើរការគម្រោងថ្មី ស្តីពី ការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងរិយាបន្ន សម្រាប់កុមារីអ៊ីស់នៅសហ គមន៍ដាច់ស្រយាល និងងាយរងគ្រោះ របស់អង្គការ UWSកម្ពុជា នៅលើទឹកដីនៃខេត្តកោះកុងរបស់យើង ដែលមានគោលដៅឆ្លើយតបទៅនឹងគោលនយោបាយវិស័យអប់រំ ក្នុងន័យជំរុញ និងលើកកម្ពស់ការអប់រំក្រកបដោយបរិយាបន្ន និងយេនឌ័រ ជាពិសេសការលើកកម្ពស់ការអប់រំចំពោះកុមារីដែលរស់ នៅក្នុងតំបន់គោលដៅរបស់ខ្លួន។
ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំ សូមសំដែងនូវអំណរសារទរនិងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះអង្គការ UWSកម្ពុជា និងសូមគាំទ្រចំពោះការដាក់ឱ្យដំណើរការគម្រោងថ្មីនេះ ហើយ ត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការសហការជាមួយលោកប្រធានគម្រោងទៅតាមលទ្ធភាពជាក់ស្តែង។ ខ្ញុំសូមយកឱកាសនេះ ស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត មេត្តាចូលរួមសហការឱ្យបានល្អជាមួយគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីឱ្យកុមារទាំងអស់ដែលរស់នៅតាមតំបន់ដាច់ស្រយាលទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ដូចកុមារដទៃដែរ។
ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគ្រោងថ្មីរបស់អង្គការ UWSកម្ពុជា សូមថ្លែងអំណរគុណចំពោះកិច្ចសហការរៀបចំពិធីនេះឡើង និងសូមប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនចំពោះគណៈអធិបតីនិងអស់លោក លោកស្រី ក្មួយៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអង្គពិធីទាំងមូល ជាពិសេសសូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ February 20, 2024

អត្ថបទទាក់ទង