រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រី ម៉ៅ កល្យាណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងឱ្យ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសិក្ខាសាលា ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពអ្នកផលិត និងកច្នៃផលិតផ ក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រី ម៉ៅ កល្យាណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងឱ្យ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសិក្ខាសាលា ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពអ្នកផលិត និងកច្នៃផលិតផ ក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយឥតឧបមាដែលបានចូលរួមក្នុងពិធីបើក សិក្ខាសាលាប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងការពង្រឹងសម្ថភាពអ្នកផលិត និងកែច្នៃផលិតផល ក្នុងការ ស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស ដែលរៀបចំឡើងដោយ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួង ពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។ តាងនាម លោកជំទាវអភិបាល នៃគណៈអភិបាលខត្តកោះកុង ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន លោកស្រី ម៉ៅ កល្យាណ អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសហការី និងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិកសមាជិកា ដែលបានចូលរួមក្នុងពិធីនេះ និងសូមថ្លែងនូវការកោតសរសើរចំពោះ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត កោះកុង ដែលបានផ្តួចផ្តើមឲ្យមានសិក្ខាសាលាដ៍មានសារៈសំខាន់នាថ្ងៃនេះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃអង្គពិធីជាទីគោរព និងជាទីមេត្រី ខេត្តកោះកុងជាខេត្តប្រកបដោយសក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរប្រជាជនប្រមាណ ៥៥,៥%ជាកសិកររស់នៅពឹងផ្អែកលើមុខរបរកសិកម្ម និងនេសាទ ៤៤,២%ប្រកបរបរផ្នែកសេវាកម្ម និងមានតែ០,៣% ប៉ុណ្ណោះដែលប្រកបរបរផ្នែកសិប្បកម្ម។ ទោះជាប្រទេសជាតិ និងពិភពលោកកំពុង ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ក៏ខេត្តកោះកុងអាចរក្សាបានកំណើនសេដ្ឋកិច្ច ៣,៣% នៅឆ្នាំ២០២១ និងគិតជាទំហំប្រមាណ ១,១៥ ទ្រីលានរៀល ឬ២៨២,២លានដុល្លារអាមេរិក។ ចំពោះអត្រាភាពក្រីក្រនៅក្នុងខេត្តរយៈពេល ៨ឆ្នាំចុងក្រោយនេះមានការថយចុះជាលំដាប់ពី ២៣,៨% នៅឆ្នាំ២០១៤ មកនៅត្រឹម ៧,៣% នៅឆ្នាំ២០២២។ អាស្រ័យលើទីតាំងភូមិសាស្ត្រ មានភ្នំ និងសមុទ្រ ខេត្តកោះកុងមានសក្តានុពលលើវិស័យកសិកម្ម និងនេសាទ។ ក្រៅពីដំណាំស្រូវ ប្រជាកសិករក្នុងខេត្តបានដាំដំណាំចម្ការ ដំណាំឈើហូបផ្លែ ដូចជាដំណាំ ចេក ធុរេន សាម៉ាវ ម្រេច ត្រសក់ជាដើម នាំចេញទៅខេត្តជិតខាង និងប្រមូលផលនេសាទសមុទ្រ នាំចេញ ទៅប្រទេសជិតខាងផងដែរ។ យោងតាមទិន្នន័យឆ្នាំ២០២២ បាននាំចេញផលនេសាទ ទៅកាន់ខេត្តជិតខាង និងប្រទេសជិតខាងប្រមាណជិត ៤៦ ពាន់តោន ដែលស្ទើរតែទាំងស្រុងមិនទាន់បានកែច្នៃនៅឡើយ រីឯដំណាំចម្ការ និងដំណាំឈើហូបផ្លែ ខាងលើក៏មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ ដែលជាហេតុធ្វើឱ្យយើងបាត់បង់នូវតម្លៃបន្ថែម និងភាពប្រកួតប្រជែងជាដើម។ អាស្រ័យហេតុនេះ តាងនាមរដ្ឋបាលខេត្តក៏បានសូមស្នើឱ្យមានការជួយគាំទ្របន្ថែមពីភាគីពាក់ព័ន្ធ ក្នុងគោលដៅជួយអភិវឌ្ឍន៍នូវផលិតផលក្នុងខេត្ត រួមមានការកែច្នៃ ការវេចខ្ចប់ ការអភិវឌ្ឍន៍គុណភាព និងផ្នែកទីផ្សារជាដើម បន្ថែមទៀត ដើម្បីអាចដាក់លក់ នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ ជាមួយគ្នានេះដែរ ខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនបន្ថែមអំពីការងារចូលរួមអភិវឌ្ឍន៍ផលិតផលក្នុងខេត្ត ត្រួសៗថា កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តកោះកុង ដែលមានលោកជំទាវអភិបាលខេត្ត ជាប្រធាន និងមន្ទីរ អង្គភាពជំនាញជាសេនាធិការ បានរៀបចំដាក់ស្នើ ផលិតផលជាទំនិញ ៣៣ មុខទំនិញ និងផលិតផលជាសេវា ១១ សេវាកម្ម សរុប ៤៤ផលិតផល ទៅកាន់ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិភូមិ១ផលិតផល១ ដើម្បីពិចារណាបញ្ចូលជា សមាជិកភូមិ១ផលិតផល១។ បច្ចុប្បន្ន ផលិតផលចំនួន៣២ លើ៤៤ មុខត្រូវបានទទួលយកដើម្បីដាក់បន្ត ជូនគណៈកម្មាធិការជាតិភូមិ១ផលិតផល១សម្រេចជាចុងក្រោយ និង ផលិតផលសេវាកម្មទាំង១១ កំពុង ត្រូវបានពិភាក្សាថាត្រូវបញ្ចូលជាបណ្ដុំផលិតផល ឬជាផលិតផលដាច់ដោយឡែក។ ដូច្នេះសិក្ខាសាលា ប្រឹក្សាយោបល់ពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល ក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស នាឱកាសនេះ ពិតជាមានសារៈសំខាន់ដល់ សិប្បករ អ្នកផលិតនូវផលិតផលគ្រប់ប្រភេទក្នុងខេត្ត ដើម្បីពង្រឹងសមត្ថភាពផលិត និងកែច្នៃផលិតផលក៏ដូចជាដើម្បី ជំរុញការលក់ផលិតផលរបស់ខ្លួនចូលទីផ្សារក្នុង និងក្រៅប្រទេស ។ ដើម្បីឱ្យសិក្ខាសាលានាថ្ងៃនេះ ប្រព្រឹត្តិទៅដោយផ្លែផ្កា ខ្ញុំសូមសំណូមពរដល់សមាជិក សមាជិកាអង្គពិធីទាំងមូល សូមយកចិត្តទុកដាក់ ត្រង់ត្រាប់ចំណេះដឹងពីវាគ្មិនប្រកបដោយបទពិសោធន៍ និងជំនាញ ក៍ដូចជាលើកជាសំណួរ និងចូលរួមផ្ដល់មតិយោបល់ឱ្យបានច្រើន ដើម្បីជាចំណេះដឹង ក្នុងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ។
ថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល March 14, 2023

អត្ថបទទាក់ទង