រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ“ច្រកចេញ-ចូលតែមួយ» ONE STOP SERVICE MEETING

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ“ច្រកចេញ-ចូលតែមួយ»
ONE STOP SERVICE MEETING ក្រោមអធិបតីភាពឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ គឺខេត្តកោះកុង មានក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD បានដាក់ស្នើវិនិយោគ អភិវឌ្ឍន៍កោះទទឹង ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
**រាជរដ្ឋាភិបាលបាន៖
+ចេញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការធ្វើអនុបយោគទីតាំងកោះទទឹង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
+យល់ព្រមជាគោលការណ៍ឱ្យក្រុមហ៊ុន DEN NOKOR CO., LTD. ធ្វើការវិនិយោគអភិវឌ្ឍន៍កោះទទឹង ទំហំ ៧៤៣.៧៨៥ម២ ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក ស្ថិតក្នុងឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
+ចុះកិច្ចសន្យាស្តីពីការជួលទីតាំងកោះទទឹង ខេត្តកោះកុង តំណាងដោយ ក.អ.ក. ជាមួយក្រុមហ៊ុន DEN NOKOR CO., LTD. នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

***រដ្ឋបាលខេត្តកោះកុង សប្បាយរីករាយ ដែលកោះទទឹង គឺជាកោះមិនសូវមានគេស្គាល់ ឬទៅដល់ និងជាកោះមិនមានការអភិវឌ្ឍទាល់តែសោះនាពេលកន្លងមក ពេលនេះត្រូវបានក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD វិនិយោគអភិវឌ្ឍន៍ ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក ក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើន។
-កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារខេត្តបានចូលរួមជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក.” ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គ.វ.ក ជាប្រធានប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុនចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានានៅខេត្តកោះកុង ក្នុងនោះក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍន៍កោះទទឹងផងដែរ ឃើញថាមានការកសាងហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស និងបានរៀបចំតាមផែនការមេច្បាស់លាស់ ក្នុងនោះក្រុមហ៊ុនក៏បានសាងសង់ផ្លូវ បេតុងអាមេ០១ខ្សែ តភ្ជាប់ពីវិថីសាយភូថង មកកាន់ផែពយជប៉ុន ដែលជាកំពង់ផែសម្រាប់ប្រជាជនឆ្លងទៅកាន់កោះស្តេច និងកោះទទឹងផងដែរ នឹងត្រូវបានសាទរជាខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាជន និង ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តកោះស្តេចផងដែរ។
សំណូមពរ
១-សូមក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD អនុវត្តការងារឱ្យស្រប តាមកិច្ចសន្យាស្តីពីការជួលទីតាំងកោះទទឹង ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
២-សូមស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើ ប្រាស់ធនធាន ម្ហូបអាហារ ឬសេវាកម្មនានាពីប្រជាសហគមន៍ក្នុងតំបន់។
៣-គាំទ្រការអភិវឌ្ឍសមត្ថភាពប្រជាសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ ដើម្បីអាចឱ្យពួកគាត់មានជីវភាព និងការរស់នៅល្អប្រសើរ។
៤-ចូលរួមថែរក្សាធនធានមច្ឆជាតិ និងធម្មជាតិបាតសមុទ្រនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ៕
ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ March 7, 2023

អត្ថបទទាក់ទង