រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំប្រចាំសប្ដាហ៍ស្ដីពីដំណើរការរៀន និងបង្រៀនតាមគន្លងសិក្សាថ្មីក្នុងបរិការណ៍កូវីដ-១៩តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting)

លោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរ អយក.ខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍(រៀងរាល់ថ្ងៃពុធ) ស្ដីពី ការរៀន និងបង្រៀនក្នុងគន្លងសិក្សាថ្មីក្នុងបរិការណ៍កូវីដ-១៩ ដោយមានការចូលរួមលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីការិ.មធ្យមសិក្សាចំណេះទូទៅ និងប្រឡង ការិ.អធិការកិច្ច លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីការិ.អយក.នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិ.អយក.នៃរដ្ឋបាលស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកកោះកុង លោក លោកស្រីជាគណៈនាយក/នាយិកា លោកគ្រូ អ្នកគ្រូមកពីតាមគ្រឹះស្ថានមធ្យមសិក្សាទូទាំងខេត្ត(២៩គ្រឹះស្ថានបានចូលរួមប្រជុំ ក្នុងចំណោមសរុប ៣១គ្រឹះស្ថានក្នុងខេត្ត) ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះសរុប ប្រមាណ ៥២នាក់ ស្រី ០៤នាក់ ក្រោមរបៀបវារៈសំខាន់ៗចំនួន ពីរ គឺទី១ ការធ្វើបទបង្ហាញពីវឌ្ឍនភាពនៃដំណើរការរៀន និងបង្រៀនពីចម្ងាយ របស់អនុវិ.ជា ស៊ីម ស្មាច់មានជ័យ និងដំណើរការធ្វើតេស្តសិស្សពីចម្ងាយរបស់វិ.ប៉ាក់ខ្លង ។ទី២ ការរៀបចំបង្កើតក្រុមបច្ចេកទេសថ្នាក់ខេត្ត នឹងឈានទៅបង្កើតក្រុមមុខវិជ្ជាបច្ចេកទេសចំនួន០៦មុខវិជ្ជាដូចជា ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលគ្រោងនឹងចាប់ផ្ដើមប្រជុំបច្ចេកទេសលើមុខវិជ្ជាទាំងនោះពីចម្ងាយ(តាមអនឡាញ)នៅដើមខែមិថុនាខាងមុខ ។ ទី៣ បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះលោកប្រធាននៃកិច្ចប្រជុំបានសង្កត់ធ្ងន់ឱ្យលោក លោកស្រីថ្នាក់ដឹកនាំការិ.អយក.នៃរដ្ឋបាលក្រុង/ស្រុក ក្រើនរំឭកគ្រប់គ្រឹះស្ថានមធ្យមសិក្សាទាំងអស់ដែលពុំទាន់មានវត្តមានក្នុងកិច្ចប្រជុំត្រូវតែចូលរួមប្រជុំដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្រឹះស្ថានមធ្យមសិក្សាដទៃទៀត ពោលគឺចូលរួមរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីធានាដល់ការសិក្សារបស់សិស្សយើងប្រកបដោយគុណភាពទោះបីតាមគ្រឹះស្ថានត្រូវបានផ្អាកបណ្ដោះអាសន្នប៉ុន្តែដំណើរការរៀន និងបង្រៀននៅតែប្រព្រឹត្តទៅបានតាមរយៈការអនុវត្តមធ្យោបាយបែបបុរាណ(ការបែងចែក និងទទួលសន្លឹកកិច្ចការស្វ័យសិក្សាដល់សិស្សចំពោះសិស្សដែលគ្មានឧបករណ៍អេឡិចត្រូនិករៀនពីចម្ងាយបានដូចជាទូរស័ព្ទឆ្លាតវៃ កុំព្យូទ័រជាដើម ឬតំបន់ដែលមានបញ្ហាសេវាអ៊ីធឺនែត)ដោយយកចិត្តទុកដាក់លើការអនុវត្តវិធានរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការការចម្លងនៃជំងឺរាតត្បាតកូវីដ-១៩ និងមធ្យោបាយសម័យគឺការសិក្សាតាមអនឡាញ ។ គួររំឭកផងដែរថាកិច្ចប្រជុំនេះធ្វើឡើងរៀងរាល់ថ្ងៃពុធចាប់តាំងពីចុងខែមីនា​ ឆ្នាំ២០២១មក ហើយនេះជាកិច្ចប្រជុំលើកទី៩ សប្ដាហ៍ទី៥ នៃខែឧសភា គ្រឹះស្ថានមធ្យមសិក្សាដែលពុំទាន់បានចូលរួមប្រជុំមានចំនួនពីរគឺអនុវិ.វាល ក្នុងស្រុកស្រែអំបិល និងអនុវិ.ទៀបាញ់តាចាត ក្នុងស្រុកមណ្ឌលសីមា។ (អត្ថបទដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង