រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ និងការកាត់ឆ្វៀលដីក្នុងតំបន់ការពារធម្មជាតិ ជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ និងការកាត់ឆ្វៀលដីក្នុងតំបន់ការពារធម្មជាតិ ជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ និងការកាត់ឆ្វៀលដីក្នុងតំបន់ការពារធម្មជាតិ ជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំក្នុងភូមិសាស្ត្រ ខេត្តកោះកុង។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈចំនួនពីរគឺ៖
១. ការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីរដ្ឋនេះ លោក សុខ សុទ្ធី បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ សហការជាមន្ទីរ អង្គភាពជំនាញ ត្រូវខិតខំទប់ស្កាត់ឱ្យបាននូវសកម្មភាពទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ។
២. ការត្រៀមខ្លួនក្នុងការចុះបញ្ជីដីធ្លីដែលកាត់ឆ្វៀលចេញពីតំបន់ការពារក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ
ការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត រដ្ឋបាលខេត្តកោះកុងក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា នៅរង់ចាំតែអនុក្រឹត្យរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះក្នុងការអនុវត្តកិច្ចការនេះ។

ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលក្រុង ស្រុកទាំង៧ ប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ពាក់ព័ន្ធ និងក្រុមការងារ ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនេះ ត្រូវតែធ្វើឱ្យបានច្បាស់លាស់ ធានាភាពត្រឹមត្រូវ អនុវត្តតាមគោលការណ៍ច្បាប់ បើបុគ្គលណាប្រព្រឹត្តខុសពីគោលការណ៍ច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លើសពីនេះទៅទៀត ដើម្បីធានាភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារមួយ ដើម្បីចុះអនុវត្ត គ្រប់គ្រង និងត្រួតពិនិត្យការចុះបញ្ជី ចេញប័ណ្ណក្មសិទ្ធិដីធ្លី ដែលបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងភូមិសាស្ត្រខេត្តកោះកុង។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តកោះកុង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវត្រៀមខ្លួនឱ្យបានល្អក្នុងការបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយគោរពតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង