/ / /

លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”

លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”។

លោកអភិបាលរងខេត្ត បានលើកឡើងថាដូចដែលលោក លោកស្រីទាំងអស់ ជ្រាបរួចហើយ តាមរយៈរបាយការណ៍ របស់ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ដែលមានលើកឡើងអម្បាញ់មិញនេះ។ ខ្ញុំក៏សូមអនុញ្ញាតិជម្រាបជូនអង្គពិធីទាំងមូលថា អំពើហិង្សា និងការបៀតបៀន នៅក្នុងបរិវេណការងារ គឺជាបញ្ហាប្រឈមសាធារណៈដ៏សំខាន់មួយ ដែលកំពុង​កើតឡើងជាបន្តបន្ទាប់នៅគ្រប់វិស័យ និងគ្រប់ប្រទេស។ ករណីមិនទទួលស្គាល់ ការមិនទប់ស្កាត់ និងការមិនឆ្លើយ​តបប្រកប ដោយប្រសិទ្ធភាពចំពោះអាកប្បកិរិយាមិនសមរម្យ និងសកម្មភាពខុសច្បាប់នៅកន្លែងធ្វើការ បណ្ដាលឱ្យ​កើតការខ្វះជំនឿទុកចិត្តក្នុងស្ថាប័ន ប៉ះពាល់ដល់សីលធម៌ការងារ និងរារាំងដំណើរការអភិវឌ្ឍរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងរយៈពេលថ្មីៗនេះ ការយល់ដឹងសាធារណៈ និងការជជែកពិភាក្សាអំពីអាកប្បកិរិយា និងទម្លាប់អនុវត្តដែលមិនអាចទទួលយកបាន បានកើនឡើងយ៉ាងច្បាស់។ កត្តាទាំងនេះបានជំរុញឱ្យសហគ្រាសពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយ និងនីតិវិធី ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ។ ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សា និងការបៀតបៀនលើស្ត្រីនៅក្នុងពិភពការងារ នៅតែបន្តកើតមាន​ដោយគ្មានការកំណត់ព្រំដែនតាមវិស័យ ឬប្រទេសឡើយ។ យោងតាមអង្គការសុខភាពពិភពលោក(WHO) ស្ត្រីម្នាក់​ក្នុងចំណោមបីនាក់ ត្រូវបានរាយការណ៍ថា បានជួបប្រទះអំពើហិង្សាផ្លូវកាយ ឬទម្រង់ផ្សេងទៀតនៃការបៀតបៀន​ផ្លូវភេទ ខណៈដែលអំពើហិង្សាបានបណ្ដាលឱ្យមានការបាត់បង់ជីវិតប្រមាណ ៤៧៥ ០០០នាក់ ក្នុងឆ្នាំ២០១៩។ មិនថានៅកន្លែងណា ទំហំសហគ្រាស គ្រឹះស្ថានយ៉ាងណា ឬស្ថាប័ន ស្ថិតក្នុង វិស័យអ្វីក៏ដោយ កន្លែងការងារ និងបុគ្គលម្នាក់ៗអាចប្រឈមនឹងការគំរាមកំហែង ឬអាកប្បកិរិយាមិនអាចទទួលយកបាន។ អំពើហិង្សា និងការបៀតបៀនដោយមិនថាជាផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទបង្កហានិភ័យ ដល់សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គល និងបង្កើតការចំណាយច្រើន ដែលប៉ះពាល់ដល់អ្នកការងារ សហគ្រាស រដ្ឋាភិបាល និងសង្គម។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អង្គការអន្តរជាតិខាងការងារ (ILO) បានអនុម័តអនុសញ្ញាស្តីពីអំពើហិង្សា និងការបៀតបៀនរបស់អង្គការ ILO ឆ្នាំ២០១៩ និងបានចែងយ៉ាងច្បាស់ នៅក្នុងច្បាប់អន្តរជាតិ ស្តីពីសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការមានពិភពការងារ​ដែលគ្មានអំពើហិង្សា និងការបៀតបៀន រួមជាមួយកាតព្វកិច្ចរបស់រដ្ឋក្នុងការគោរព លើកកម្ពស់ និងទទួលស្គាល់សិទ្ធិនេះ។ អនុសញ្ញាលេខ ១៩០ និងអនុសាសន៍ ដែលភ្ជាប់មក​​ជាមួយបានចែងអំពីគោលការណ៍មូលដ្ឋានដែលនឹងត្រូវអនុវត្ត ដោយប្រទេសនានា ដែលរួមបញ្ចូលសមភាព និងការមិនរើសអើង ជាមួយសុវត្ថិភាព និងសុខភាពនៅកន្លែងការងារនៅក្នុងលិខិតូបករណ៍តែមួយ និងបានផ្តល់វិសាលភាព ​នៃការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតផ្ទាល់ខ្លួនយ៉ាងទូលំទូលាយ។
ស្ថាប័នរបស់ពិភពលោកប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាយុទ្ធនាការមួយ ដែលមានគោលបំណងបង្កើនការយល់ដឹង និងកៀរគរ​សកម្មភាពដើម្បីបញ្ចប់អំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី និងក្មេងស្រី។ គោលដៅ គឺដើម្បីបង្កើតវេទិកាសកលមួយ ដែលបង្ហាញពីតម្រូវការ​សម្រាប់សមភាពយេនឌ័រ និងសម្រាប់ ការលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្ត្រីគ្រប់ទម្រង់ទាំងអស់ ទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ។ នេះជាការ​រំលឹកដ៏មានឥទ្ធិពលមួយ អំពីអំពើហិង្សាប្រឆាំងនឹងស្ត្រី មិនមែនគ្រាន់តែជាបញ្ហាឯកជននោះទេ ប៉ុន្តែជាបញ្ហា​ប្រឈមសង្គមយ៉ាងទូលំទូលាយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការជាប្រព័ន្ធ។
ដើម្បីមានមូលដ្ឋាន ក្នុងការគិតពិចារណា និងការចូលរួមទប់ស្កាត់ ខ្ញុំសូមអនុញ្ញាតបង្ហាញនូវ ទម្រង់នៃអំពើហិង្សាអាចកើតមានតាមរយៈពាក្យសំដី ផ្លូវកាយ សង្គម ឬផ្លូវចិត្ត រួមទាំងអំពើហិង្សា និងការបៀតបៀនផងដែរ ដោយមិនគិតអំពីចេតនា និងប្រភពនោះទេ ដែលអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង នៅគ្រប់ទីតាំង និងគ្រប់កាលៈទេសៈ ដែលទាក់ទងនឹងការងារ ក្នុងការិយាល័យ លំនៅដ្ឋាន ទីសាធារណៈ កន្លែងស្នាក់​នៅដែលផ្តល់ដោយនិយោជក ក្នុងអំឡុងពេលទទួលទានអាហារ ឬពេលសម្រាក ព្រឹតិ្តការណ៍សង្គម អនឡាញ និងនៅពេលធ្វើដំណើរទៅ និងត្រឡប់ពីកន្លែងធ្វើការ។

អំពើហិង្សានៅកន្លែងធ្វើការមានផលវិបាកធ្ងន់ធ្ងរដល់បុគ្គល សហគមន៍ និងសង្គមទាំងមូល ដែលរួមមានផលប៉ះពាល់សំខាន់ៗ ដូចខាងក្រោម៖
១. ផលប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្ត ៖ -របួសរាងកាយ៖ ជនរងគ្រោះនៃអំពើហិង្សា ជាពិសេសអំពើហិង្សាលើរាងកាយ អាចរងរបួសភ្លាមៗ ពិការភាពរយៈពេលវែង ឬគ្រោះថ្នាក់ដល់អាយុជីវិត -របួសផ្លូវចិត្ត៖ អំពើហិង្សា និងការបៀតបៀន ជាពិសេសក្នុងទម្រង់នៃការរំលោភបំពាន ឬការវាយប្រហារ អាចនាំឱ្យមានការឈឺចាប់ផ្លូវចិត្តធ្ងន់ធ្ងរ។ នេះអាចរួមបញ្ចូលទាំង ជំងឺវិបត្ដិផ្លូវចិត្ដ ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ និងការបាត់បង់ទំនុកចិត្ត។
២. ផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ៖ -ភាពឯកោ៖ ជនរងគ្រោះនៃអំពើហិង្សាអាចដកខ្លួនចេញពីសង្គមដោយសារការភ័យខ្លាច ឬអាម៉ាស់។ ភាពឯកោនេះ អាចធ្វើឱ្យសុខភាពផ្លូវចិត្តរបស់ពួកគាត់កាន់តែធ្ងន់ធ្ងរឡើង -ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម៖ អំពើហិង្សា និងការបៀតបៀនអាចប៉ះពាល់ ដល់សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការធ្វើការ ឬចូលរួមក្នុងសកម្មភាពផលិតភាព។ ជនរងគ្រោះប្រហែលជាត្រូវឈប់សម្រាកពីការងារដោយសាររបួស ឬបញ្ហាផ្លូវចិត្ត ដែលអាចនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ -កាត់បន្ថយផលិតភាពការងារ៖ ផលិតភាពការងារសរុបអាចធ្លាក់ចុះនៅពេលដែលបុគ្គលិកមានរបួស​ផ្លូវកាយ និងផ្លូវចិត្តនំាឱ្យមានការរំខាន ឬអវត្តមានដោយសារផលប៉ះពាល់អវិជ្ជមាននៃការបៀតបៀន។
៣. ផលប៉ះពាល់ដល់គ្រួសារ និងសហគមន៍ ៖ -ភាពតានតឹងក្នុងគ្រួសារ៖ របួសដែលសមាជិកគ្រួសារម្នាក់ជួបប្រទះអាចរាលដាលដល់អ្នកដទៃ។ គ្រួសារអាចជួបប្រទះភាពតានតឹង និងបញ្ហាអារម្មណ៍នៅពេលដែលមនុស្សជាទីស្រឡាញ់ជាជនរង​គ្រោះនៃអំពើហិង្សា ឬការបៀតបៀន -ការបែកបាក់ក្នុងសហគមន៍៖ អំពើហិង្សា និងការបៀតបៀនអាចបង្កើតបរិយាកាស នៃការភ័យខ្លាចនៅក្នុងសហគមន៍ដែលនាំឱ្យមានការបែកបាក់សាមគ្គីភាព និងមិនមានការជឿទុកចិត្តគ្នា។ ទំាងនេះ​អាចបណ្តាលឱ្យមានភាពចលាចលក្នុងសង្គមផងដែរ -មានផលប៉ះពាល់ដល់កុមារជំនាន់ក្រោយ៖ កុមារដែលបានឃើញអំពើហិង្សា ឬជាជនរងគ្រោះដែល​ធ្លាប់ជួបប្រទះ អាចមានផលប៉ះពាល់យូរអង្វែង រួមទាំងអាចមានអត្រាខ្ពស់ក្នុងការបន្តប្រើអំពើហិង្សា​នេះនាពេលអនាគតរបស់ពួកគាត់។​
៤. ផលប៉ះពាល់ដល់ច្បាប់សង្គម ៖ -មានភាពតានតឹងលើផ្នែកច្បាប់៖ អំពើហិង្សា និងការបៀតបៀនមានការកើនឡើងអាចជាបន្ទុកយ៉ាងខ្លាំងដល់ប្រព័ន្ធច្បាប់ ការអនុវត្តច្បាប់ និងអ្នកផ្តល់សេវាថែទាំសុខភាព។ វាអាចនាំឱ្យមានការកើនឡើងនៃអត្រាបណ្តឹង ករណីព្រហ្មទណ្ឌ និងតម្រូវការខ្ពស់សម្រាប់សេវាសុខភាពផ្លូវចិត្ត -ការចាត់ទុកអំពើហិង្សា និងការបៀតបៀនជារឿងធម្មតា ៖ ប្រសិនបើអំពើហិង្សា និងការបៀតបៀនមិនត្រូវបានដោះស្រាយទេ បញ្ហាទំាងនោះនឹងអាចក្លាយជារឿងធម្មតាដែលធ្វើឱ្យពិបាកក្នុងការកាត់បន្ថយ និងបញ្ឈប់ការកើតឡើងនាពេលអនាគត។
៥. ផលប៉ះពាល់ដល់ក្រុមងាយរងគ្រោះ ៖ -ការរើសអើង៖ ក្រុមងាយរងគ្រោះមួយចំនួនដូចជា ស្ត្រី ភេទទីបី ជនជាតិភាគតិច និងជនមានពិការភាព ងាយរងគ្រោះដោយអំពើហិង្សា ហើយការជួបប្រទះ របស់ពួកគាត់អាចត្រូវបានរើសអើងកាន់តែខ្លំាងនៅក្នុងសង្គម។
៦.ផលប៉ះពាល់ដល់វប្បធម៌សង្គម ៖ -ការរំខានសិទ្ធិមនុស្ស៖ អំពើហិង្សា គឺជាការរំលោភបំពានដោយផ្ទាល់លើសិទ្ធិមនុស្ស បំផ្លាញសេចក្តី​ថ្លៃថ្នូរ និងសមភាពរបស់បុគ្គលនៅក្នុងសង្គម។

អង្គពិធីទាំងមូល ជាទីមេត្រី !
ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងរបស់យើង បានចូលរួម ជាមួយពិភពលោក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ និងបានចែករំលែកវិធានការជាក់ស្តែង និងការអនុវត្តល្អៗ ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា GBVH។ ការផ្សព្វផ្សាយ ដើម្បីបញ្ឈប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព សមភាព និងសមធម៌។ ពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការ ដែលមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។
ជាថ្មីម្តងទៀត ខ្ញុំសូមអនុញ្ញាតពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នឹងសូមផ្តាំផ្ញើ ១-បងប្អូនទាំងអស់ត្រូវ ថែរក្សាសុខភាព ដោយផ្តើមចេញពីអនាម័យ នៅកន្លែងធ្វើការ នៅគេហដ្ឋាន និងនៅទីសាធារណៈ ដោយហូបស្អាត រស់នៅស្អាត។ ២-គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បង្ការកុំឱ្យកើតមាន ក្នុងពេលធ្វើដំណើរទៅគេហដ្ឋាន និងមកកន្លែងធ្វើការ ដោយគោរពច្បាប់ចរាចរ ប្រកាន់ស្តាំជានិច្ច ពិសារគ្រឿងស្រវឹងកុំបើកបរ។ ៣-យកចិត្តទុកដាក់ក្នុងការទទួលព័ត៌មាន ពិត មិនត្រូវជឿលើព័ត៌មានក្លែងក្លាយបំពុលសង្គមនោះទេ។
ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ប្រជាការពារ ស.ស.យ.ក និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ និងវិថីសាយភូថង ព្រមទាំងបានផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»

  • មន្ទីរធម្មការ និងសាសនា/
    20/09/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងលោក​ កង​ កុសល​ ប្រធានការិយាល័យ​ពុទ្ធិកសិក្សានិងបណ្ណាល័យ​ បានសួរសុខទុក្ខព្រះគ្រូកុម្ភបវរ​ សន​ អូន​ ព្រះលេខាធិការគណគណៈធម្មយុត្តិកនិកាយ​ ចៅអធិការវត្តពាមក្រសោប​

  • ហេង គីមឆន/
    20/09/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យបេក្ខជន​ អញ្ជេីញជួបពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារថ្នាក់ជាតិ ដែលមានតំណាងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងតំណាងអគ្គនាយកដ្ឋានធនធានមនុស្ស  ពាក់ព័ន្ធនឹងកិច្ចការងារផ្តល់ពាក្យ និងទទួលពាក្យ​បេក្ខជន​បេក្ខនារី​ ប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​បំពេញ​ជួស​ ​ចូល​បម្រើ​ការងារ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សម្រាប់​ឆ្នាំ​ ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/09/2026

    លោក ម៉ិល សាយ មេភូមិ១ និងលោក កឹង ទៀង មេភូមិ៣ បានសហការគ្នាដឹកនាំអនុភូមិ សមាជិកភូមិនិង​កម្លាំងប្រជាការពារភូមិ ចុះស្តារលូ និងកាយសំរាមចេញពីក្នុងលូ នៅខាងត្បូងផ្សារដងទង់