លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកវេជ្ជបណ្ឌិត ឡាក់ ឡេង អនុប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី"ការប្រើប្រាស់សម្ភារបោះពុម្ពនៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល"
លោកស្រីអភិបាលរងខេត្ត នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានមកចូលរួមក្នុងពិធី បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី
“ការប្រើប្រាស់សម្ភារ បោះពុម្ពនៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល” និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានចំណាយពេល វេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
តាមរយៈការរាយការណ៍សង្ខេបពីយុទ្ធនាការនេះ យើងឃើញថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់ការណែនាំ ក្នុងការរៀបចំ ការតាំងបង្ហាញ និងការប្រើប្រាស់ ដល់អ្នកអនុវត្តយុទ្ធនាការ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល នៃការផ្សព្វផ្សាយរបស់យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ជាស្ថាប័នជំនាញឈានមុខគេ ក្នុងការរៀបចំ តាក់តែង សារអប់រំសុខភាព ការផលិតការប្រើប្រាស់ និងការធ្វើយុទ្ធនាការផ្សព្វផ្សាយ និងជាសេនាធិការរបស់ក្រសួងសុខាភិបាល។ ជាពិសេស សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់របស់យុទ្ធនាការដើម្បីលើក កម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។
ឯកឧត្តម លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ជាទីមេត្រី! ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវឧត្តុង្គឧត្តម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (ដំណាក់កាលទី១) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាអនុវត្តឱ្យខាងតែបាន និងយោងតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាឆ្នាំ២០២៤-២០៣៥ មូលនិធិសមធម៌សុខាភិបាល ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ មកពីគ្រួសារក្រីក្រ ដោយផ្តល់អត្ថប្រយោជន៍វេជ្ជសាស្ត្រ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ ដែលរួមមានថ្លៃធ្វើដំណើរ ថ្លៃអាហារសម្រាប់អ្នកជំងឺ និងភាគទានបុណ្យសពផងដែរ។
កាលពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមពលរដ្ឋដទៃទៀត ដែលប្រើប្រាស់ថវិកាជាតិទាំងស្រុង រួមមានកម្មករនិយោជិតក្រៅប្រព័ន្ធ មេភូមិ អនុភូមិ ជំនួយ ការភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ កីឡាករ កីឡាការិនី សមាគមម៉ូតូរ៉ឺម៉កកង់បី អ្នកធាក់ស៊ីក្លូ និងបុគ្គលិក និងអ្នកជំនាញដោះមីន នៃប្រតិបត្តិករបោសសម្អាតមីន ដែលក្រុមគោលដៅទាំងនេះ ទទួលបានការគាំពារលើអត្ថប្រយោជន៍វេជ្ជសាស្ត្រប៉ុណ្ណោះ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋគោលដៅចំនួនប្រមាណ ៩៩ ៤១៧ នាក់ ត្រូវបានគ្របដណ្តប់។ រាជរដ្ឋាភិបាល បានសម្រេចពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព។ គ្រួសារងាយរងហានិភ័យ ជាក្រុមពលរដ្ឋស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានស្ថានភាពសេដ្ឋកិច្ចមិនខុសឆ្ងាយពីក្រុមគ្រួសារក្រីក្រ (ក្រ១ និងក្រ២) ក្នុងនោះ រាជរដ្ឋាភិបាល ជាអ្នកទទួលរ៉ាប់រងបន្ទុកចំណាយជំនួស ទាំងស្រុង។ គ្រួសារ ចំនួន ៤៩១ ២៤៣ គ្រួសារ ឬ ស្មើប្រមាណ ១ ៨២១ ០៥៦ នាក់ ត្រូវបានកំណត់អត្តសញ្ញាណជាគ្រួសារងាយរងហានិភ័យ តាមរយៈយន្តការជាធរមានរបស់ក្រសួងផែនការ ដែលគ្រួសារទាំងនេះមានសិទ្ធទទួលបានការ ថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល។ តាងនាមឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុទ្ធ នាងខ្ញុំសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ជាងនេះទៅទៀត នាងខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ នឹងខិតខំ ប្រឹងប្រែង សិក្សាឈ្វេងយល់ ឱ្យកាន់តែស៊ីជម្រៅនូវអត្ថន័យខ្លឹមសារ និងរបៀបប្រើប្រាស់ តាមរយៈកិច្ចពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់ចូលរួមក្នុងយុទ្ធនាការ នាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ។
ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ August 28, 2024