លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងទិន្នន័យសុរិយោដីខេត្តកោះកុង ជា ShapeFile ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្រប ព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រ និងព្រែក ជាមួយមន្ទីរជំនាញ និងរដ្ឋបាលក្រុងស្រុក។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងសម្រេចសេចក្តីព្រាងទិន្នន័យសុរិយោដីខេត្ត ដើម្បីផ្ញើជូនគណៈកម្មាធិការជាតិគ្រប់គ្រងនឹងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដើម្បីកសាងផែនការដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង និងរៀបចំប្លង់គោលប្រើប្រាស់ដីលម្អិតក្នុងភូមិសាស្ត្រខេត្តកោះកុង ព្រមទាំងរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍនានា ក្នុងគោលបំណងបង្កើតផលិតភាពទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៃខេត្តកោះកុង។
ក្រៅពីកិច្ចប្រជុំអំពីទិន្នន័យសុរិយោដីតំបន់ឆ្នេរសមុទ្រខេត្ត លោកអភិបាលរងខេត្ត ក៏បានបង្ហាញពីផែនការរបស់គណៈកម្មាធិការជាតិ គ.អ.ឆ.ក លើការរៀបចំផ្លូវជិះកង់តាមឆ្នេរសមុទ្រ សម្រាប់ខេត្តតំបន់សមុទ្រទាំង៤ គឺចាប់ផ្តើមពីខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងបញ្ចប់នៅតំបន់សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៃខេត្តកោះកុង ដែលការងារនេះក៏ទាមទារការសិក្សាពីទិន្នន័យសុរិយោដីតំបន់ឆ្នេរសមុទ្រ សក្តានុពលទេសចរណ៍ និងផ្ញើជា Shapefile ទៅថ្នាក់ជាតិផងដែរ៕
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ August 27, 2024