លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៣០០នាក់ នៅក្នុងស្រុកមណ្ឌលសីមា
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងឱកាសនេះជម្រាបជូនដូចតទៅ យោងតាមលោក Masami Ishida ក្នុងជំពូកទី១ ស្ដីពី ការអភិវឌ្ឍនៃតំបន់ត្រីកោណទាំង៥ ក្នុងមហាអនុតំបន់មេគង្គ ៖ សម្រាប់ភូមិសាស្រ្ត នៃមហាអនុតំបន់មេគង្គ (មាន៦ ប្រទេស ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម) មានតំបន់ត្រីកោណចំនួន៥ ដែលកំពុងមានកិច្ចសហការ រវាងបីប្រទេស ក្នុងនោះរួមមាន៖ ១. តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (Cambodia-Laos-Vietnam Development Triangle Area ឬហៅកាត់ថា CLV-DTA) ២. តំបន់ត្រីកោណ កម្ពុជា ឡាវ ថៃ (Emerald Triangle) ៣. ត្រីកោណមាស មីយ៉ាន់ម៉ា ឡាវ និងថៃ (Golden Triangle) ៤. តំបន់ត្រីកោណបៃតង ចិន ឡាវ មីយ៉ាន់ម៉ា (Green Triangle) ៥. តំបន់ត្រីកោណ ចិន ឡាវ និងវៀតណាម(China-Laos-Vietnam) និងដោយឡែកផ្សេងទៀតក៏មានតំបន់ត្រីកោណឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ(Indonesia-Malaysia-Thailand)ផងដែរ។
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) • តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានបង្កើតឡើង នៅឆ្នាំ១៩៩៩ ពីកិច្ចប្រជុំកំពូលនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ • CLV-DTA អភិវឌ្ឍលើខេត្តចំនួន ១៣ ក្នុងប្រទេសទាំង ៣។ នៅប្រទេសវៀតណាម ការផ្តោតសំខាន់គឺទៅលើខេត្ត៥ នៃតំបន់ខ្ពង់រាបភាគកណ្តាលដូចជា ខេត្ត កង់ទុំ (Kon Tum), ខេត្តយ៉ាឡាយ (Gia Lai), ខេត្តដាក់ឡាក់ (Dak Lak), ខេត្តដាក់ណុង (Dak Nong) និង ខេត្តប៊ិញភឿក (Binh Phuoc)។ • នៅក្នុងប្រទេសកម្ពុជាមានចំនួន៤ខេត្ត ខេត្តភាគឦសានមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។ • នៅប្រទេសឡាវមានចំនួន៤ ខេត្ត ខេត្តភាគខាងត្បូងរួមមាន ខេត្តអាត់តាពឺ (Attapu) ខេត្តសាឡាវ៉ាន់ (Salavan) ខេត្តសេកុង (Sekong) និង ខេត្តចម្ប៉ាសាក់ (Champasak)។
គោលបំណងនៃ CLV-DTA ៖ ១. ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២. ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ៣. កសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម
៤. ការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ វិស័យកិច្ចសហប្រតិបត្តិការទាំងប្រាំពីរ ៖ ១. ការលើកតម្កើងការវិនិយោគ ២. ការសម្របសម្រួលពាណិជ្ជកម្ម ៣. កិច្ចសហប្រតិបត្តិការជាមួយសហគ្រាស ៤. ផែនការសំខាន់ៗសម្រាប់ឧស្សាហកម្ម ៥. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ៦. ការអភិវឌ្ឍធនធានមនុស្ស
៧. ការអភិវឌ្ឍជនបទ
យន្តការ CLV-DTA ៖ • CLV-DTA ដំណើរការតាមរយៈកិច្ចប្រជុំ និងគណៈកម្មាធិការជាបន្តបន្ទាប់។ • កម្រិតខ្ពស់បំផុតគឺកិច្ចប្រជុំកំពូលដែលមេដឹកនាំមកពីប្រទេសទាំងបី។ • នៅខែធ្នូ ឆ្នាំ ២០០៦ វៀតណាមបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍ CLV លើកទី៤ ហើយបានបង្កើតគណៈកម្មការសម្របសម្រួលរួម (Joint Coordination Commission-JCC) សម្រាប់កិច្ចសហប្រតិបត្តិការ CLV ។ •មុខងារចម្បងរបស់គណៈកម្មាការសម្របសម្រួល ការអនុវត្តការសម្របសម្រួល និងការចុះសម្រុងគ្នា នៃគោលនយោបាយនៅទូទាំងតំបន់ CLV សម្រាប់ការអភិវឌ្ឍត្រីកោណ។ • JCC ត្រូវបានគាំទ្រដោយអនុគណៈកម្មាធិការចំនួនបួនដែលត្រូវបានបង្កើតឡើងក្រោមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Senior Officials Meeting-SOM) ដែលដោះស្រាយបញ្ហាជាក់លាក់ដូចជាសេដ្ឋកិច្ច បញ្ហាសង្គម ការសម្របសម្រួលខេត្ត និងសន្តិសុខ/កិច្ចការបរទេស។
វៀតណាមបានជំរុញវិធីសាស្រ្តពហុភាគី ដោយចូលរួមជាមួយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក។ ទង្វើតុល្យភាពជាយុទ្ធសាស្រ្តរបស់ប្រទេសទាំង៣ នេះបានអនុញ្ញាតឱ្យ CLV បង្កើនទម្ងន់រួម និងជៀសវាងការក្លាយជាកូនអុកក្នុងការតស៊ូអំណាចរវាងមហាអំណាចធំៗ។ ដោយពិចារណាលើទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន នៃឥណ្ឌូប៉ាស៊ីហ្វិក បណ្តាប្រទេស CLV ដែលជាសមាជិកអាស៊ាន បង្ហាញពីឱកាសយុទ្ធសាស្ត្រសម្រាប់ប្រទេសមហាអំណាច ដោយសារទីផ្សារសេដ្ឋកិច្ច និងទីតាំងក្នុងតំបន់។ ដោយកត្តាទីតាំងយុទ្ធសាស្ត្រសំខាន់បែបនេះ មហាអំណាចធំៗបានចូលរួមកាន់តែខ្លាំងឡើង ជាមួយបណ្ដាប្រទេស CLV ។ ការចូលរួមនេះបានបង្ហាញពីទម្រង់នៃការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា ផ្លូវមួយ ខ្សែក្រវាត់មួយ BRI ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វត្តមានរបស់មហាអំណាចជាច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្ហាញពីឱកាសសម្រាប់ ប្រទេស CLV ដើម្បីបន្តយុទ្ធសាស្ត្រការទូតប្រកបដោយតុល្យភាព។ ដូច្នេះ រដ្ឋទាំងបីអាចបណ្តុះទំនាក់ទំនងចម្រុះពណ៌ ជាមួយដៃគូផ្សេងៗ ហើយកាតាលីករនេះ នឹងជួយពង្រឹងដល់ភាពជាកណ្តាលរបស់អាស៊ាននៅក្នុងតំបន់ថែមទៀត។
ខ្ញុំសូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍នេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩មកម្លេះ ចំពោះកង្វល់អំពីការបាត់បង់ទឹកដីនោះទេ ក្នុងរយៈពេល២៥ឆ្នាំនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចមហាបវរធិបតី ដែលលោកបានខិតខំតាំងពីបាតដៃទទេរ រហូតទទួលបានការរីកចម្រើនលើគ្រប់វិស័យ ដូចដែរយើងតែងតែប្រើប្រាស់ពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ ចំពោះវិស័យអប់រំ ស្នើយកចិត្តទុកដាក់ ត្រួតពិនិត្យតាមដានសិស្សានុសិស្ស ដោយកន្លងមកសង្កេតឃើញប្អូនៗប្រើប្រាស់បារីអេឡិចត្រូនិច នៅឱ្យប៉ះពាល់ដល់សុខភាព ចំណោះការលក់ដូរចំណីអាហារត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកុំឱ្យប៉ះពាល់សុខភាព មួយវិញទៀតត្រូវថែរក្សាអនាម័យបរិស្ថាន ត្រូវចូលរួមពីយើងម្នាក់ៗនៅក្នុងហសគមន៍ និងប្រទេសទេសជាតិទាំងមូល។ ការធ្វើដំណើរលើផ្លូវថ្នល់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ថ្មីៗនេះមានការឆ្លងជំងឺ អេមផក និងជំងឺកាចសាហាវផងដែរ ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា។ កន្លងមកមានក្រុមជ្រុលនិយមមួយក្តាប់តូច បានធ្វើការបំផ្លៃការពិត និងធ្វើការបំផុសបំផុស ឱ្យបងប្អូនចូលរួមធ្វើបាតុកម្មជាដើម ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ បងប្អូនត្រូវតែបន្តផ្សព្វផ្សាយក្នុងន័យទប់ស្កាត់ និងចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។ រាជរដ្ឋាភិបាល បានជូនដំណឹងដល់សាធារណជន ដែលមានបំណង់ចូលរួម ក្នុងមូលនិធិកសាងផ្លូវ នៅតាមព្រំដែន។
មុននឹងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិចូលរួម ក្នុងការការពារ និងថែរក្សាសុខសន្តិភាព សុវត្ថិភាព សាធារណៈ និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីមានមូលដ្ឋានក្នុងការវាយតម្លៃ និងសម្រេចចិត្ត តាមបែបផែនទទួលខុសត្រូវ សូមបងប្អូនទាំងអស់បន្តផ្សព្វផ្សាយនូវអ្វីដែលជាការរីកចម្រើនរបស់ប្រទេសយើងទាំងមូល ចៀសវាងស្តាប់នូវអ្វីដែលក្រុមជ្រុលនិយមដែលរស់នៅក្រៅប្រទេស ដែលមិនដែលនាំអ្វីដែលជួយជាតិ មាតុភូមិនោះទេ មានតែញុះញ៉ុង ធ្វើឱ្យបែកបាក់ ធ្វើឱ្យប្រទេសជាតិអាប់ឱន និងបំផ្លិចបំផ្លាញ។ ដើម្បីឱ្យប្រទេសយើង មានការរីកចម្រើនលើគ្រប់វិស័យ ខ្ញុំសូមបងប្អូនទាំងអស់ខិតខំប្រឹងប្រែង ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងគុណផល ចូលរួមជាមួយរាជរដ្ឋាភិបាល និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសអ្នកមានចំណូលខ្ពស់នៅឆ្នាំ២០៥០ទាំងអស់គ្នា៕
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ August 27, 2024