លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យគម្រោងថវិកាសកម្មភាពសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៤ និងពិនិត្យសេចក្តីព្រាងបង្កើតនិងរៀបចំយន្តការគាំទ្រនានា ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំក្រុមការងារ និងការប្រព្រឹត្តទៅ នៃក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍។
លោកស្រីអភិបាលរងខេត្ត បានស្នើឱ្យលោក លោកស្រី ដែលមានវត្តមានក្នុងអង្គពិធីទាំងមូល ចូលរួមជាមតិយោបល់ ដែលជាធាតុចូលដ៏សំខាន់ ចំពោះគម្រោងសកម្មភាពសមិទ្ធិកម្មសម្រាប់ឆ្នាំ២០២៤ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងផែនការសមស្របទៅនឹងសកម្មភាពជាក់ស្ដែងក្នុងការប្រយុទ្ធនិងជំងឺអេដស៍ នៅក្នុងខេត្តកោះកុងរបស់យើង។ មួយវិញទៀតធ្វើយ៉ាងណាឱ្យផែនការ ដែលបានគ្រោង ឱ្យបានសមស្របទៅនឹងថវិកាជាក់ស្ដែង ជំរុញសកម្មភាពឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរលោក លោកស្រី ដែលមានបទពិសោធន៍ក្នុងការបំពេញការងារនេះ ចូលរួមនូវគំនិតយោបល់ ក្នុងការរៀបចំសេចក្តីព្រាងបង្កើត និងរៀបចំយន្តការគាំទ្រនានា ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំក្រុមការងារ និងការប្រព្រឹត្តទៅនៃក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍។ ក្រោយពីកិច្ចពិភាក្សាចប់សព្វគ្រប់ រដ្ឋបាលខេត្ត និងរៀបចំសេចក្តី ជូនដំណឹងដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យរៀបចំសេចក្តីសម្រេច និងអនុវត្តការងារ ដើម្បីឱ្យបានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល គឺច្បាប់បទបញ្ញត្តិនានាជាធរមានផងដែរ។ ដើម្បីឱ្យការអនុវត្តការងាររបស់គណៈកម្មការនិងលេខាធិការដ្ឋាន ក្រុមការងារបានបង្កើត Group Telegram រួចរាល់ហើយ សូមអស់លោក លោកស្រី ធ្វើការទំនាក់ទំនងតាមរយៈក្រុបនេះតែម្ដង ដើម្បីឱ្យការងារបានរហ័ស និងទាន់ពេលវេលា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ៕
ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ August 26, 2024