លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៤, ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។
តាមសំណើរបស់ពន្ធនាគារខេត្តកោះកុង ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស មានសរុបចំនួន ២១នាក់ ក្នុងនោះ៖
១-ពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៤ ស្នើសុំ ០៨នាក់ ស្រី ០២នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោស ៣ខែ មានចំនួន ០៧នាក់ ស្រី ០២នាក់ និងលើកលែងទោស មានចំនួន ០១នាក់ ប្រុស។
២-ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ស្នើសុំ ០៦នាក់ ស្រី ០១នាក់ ក្នុងនោះបន្ធូបន្ថយទោស ៣ខែ មានចំនួន ០៦នាក់ ស្រី ០១នាក់។
៣-ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ ស្នើសុំ ចំនួន ០៧នាក់ ស្រី ០១នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ០៧នាក់ ស្រី០១នាក់។
ជាលទ្ធផល បានសម្រេចឯកភាព លើការដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ៨/៨សំណើ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៤ ៦/៦សំណើ សម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និង ៧/៧សំណើ សម្រាប់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ សម្រាប់ដាក់ស្នើបញ្ជូនបន្ត៕
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ August 2, 2024