រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី​ នារីនេត​ អភិបាល​រង​ នៃ​គណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញស្វាគមន៍លោកជំទាវ​ ត្យូ​ ឡេ​ ឆេង​ ឯកអគ្គរដ្ឋទូត​ នៃ​ស្ថានទូតសិង្ហបូរី​ និងប្រតិភូ ដើម្បីសម្តែងការគួរសម និងសាកសួរសុខទុក្ខ

លោកស្រី អ៉ី​ នារីនេត​ អភិបាល​រង​ នៃ​គណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញស្វាគមន៍លោកជំទាវ​ ត្យូ​ ឡេ​ ឆេង​ ឯកអគ្គរដ្ឋទូត​ នៃ​ស្ថានទូតសិង្ហបូរី​ និងប្រតិភូ ដើម្បីសម្តែងការគួរសម និងសាកសួរសុខទុក្ខ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះតាងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និង ជំនួសមុខឱ្យកងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនាក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត នៃស្ថានទូតសិង្ហបូរី ប្រចាំនៅកម្ពុជា ដែលបានដឹកនាំប្រតិភូ អញ្ជើញមកជួបសួរសុខទុក្ខ សម្តែងការគួរសម និងណែនាំខ្លួន ព្រមទាំងធ្វើទស្សនកិច្ចនៅលើទឹកដីខេត្តកោះកុង នាឱកាសថ្ងៃនេះ។
ជាថ្មី​ម្ដង​ទៀត​នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រៅ​ជូនចំពោះ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ និង​សហការី ដែលបានចំណាយពេលដ៌មានតម្លៃ​ និងមមាញឹក​ អញ្ជើញ​ជួបសួរសុខទុក្ខសម្តែង​ការគួរសម​ និងណែនាំខ្លួនដល់រូបនាងខ្ញុំ​ និងសហការី។ នៅក្នុងកិច្ចជំនួប នាឱកាសដ៌វិសេសវិសាលនេះសង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតសិង្ហបូរី និងរដ្ឋបាលខេត្តកោះកុង នឹងកាន់តែមានទំនាក់ទំនងជិតស្និត និងកិច្ចសហប្រតិបត្តិការកាន់តែល្អលើគ្រប់វិស័យ។ បច្ចុប្បន្នផ្លូវជាតិលេខ ១០ ដែលអាចនាំចេញផលិតផលកសិកម្មទៅកាន់​បណ្តាប្រទេសផ្សេងៗបាន និងមានរោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដេីរដោយឧស្ម័ន​ធម្មជាតិ​រាវដែលមានអានុភាព៨០០មេហ្គាវ៉ាត់​ និងវារី​អគ្គិសនីធំៗ០៦កន្លែង ព្រមទាំងមានព្រលានយន្តហោះ​ និងកំពង់ផែទឹកជ្រៅខ្នាត​អន្តរជាតិ​នៅស្រុកគិរីសាគរ​ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ តាមរយៈ លោកជំទាវ ឯកអគ្គរដ្ឋទូត នាងខ្ញុំសូមអំពាវនាវ ដល់វិនិយោគគិន ជនជាតិសិង្ហបូរី សូមអញ្ជើញមកដាក់ទុនវិនិយោគនៅលើទឹកដីខេត្តកោះកុង នូវលើវិស័យអាទិភាព ណាមួយរបស់ខ្លួន ដើម្បីរួមចំណែកដល់អភិវឌ្ឍន៍ខេត្តកោះកុងរបស់យើងខ្ញុំ ឱ្យកាន់តែរីកចម្រើន បន្ថែមបន្តទៀត
ជាទីបញ្ចប់ នាងខ្ញុំ និងសហការី សូមគោរពជូនពរ លោកជំទាវ និងសហការី សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ មានភាពរីករាយ ក្នុងដំណើរបេសកកម្មនាពេលនេះ និងសូមធ្វើដំណើរត្រឡប់ទៅវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមអរគុណ!
ថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ July 30, 2024

អត្ថបទទាក់ទង