លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ថាមានការកាប់ទន្ទ្រានកាន់កាប់ដីរដ្ឋ និងស្នើសូមរក្សាទុកទីតាំងដីទាំងនេះជាសម្បត្តិរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។ ទីតាំងដីដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងថាមានការទន្ទ្រានកាន់កាប់ដីរដ្ឋ មានចំនួន ៣ទីតាំងរួមមាន៖ ទីតាំងទី១ មានទំហំប្រមាណ ១៥ហិកតា ស្ថិតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ, ទីតាំងទី២ មានទំហំប្រមាណ ៤០ហិកតា ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ និងទីតាំងទី៣ មានទំហំ ប្រហែល ២០០ហិកតា ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែងផងដែរ ។ តាមរយៈកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១. ចំពោះទីតាំងដីទំហំប្រហែល ១៥ហិកតា រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នឹងសិក្សាបន្ថែមទៀតឱ្យបានលម្អិតអំពីការប្រើប្រាស់ កាន់កាប់ អាស្រ័យផលលើទីតាំងដីនេះ
២. ចំពោះទីតាំងដីទំហំប្រហែល ៤០ហិកតា តាមការពិនិត្យជាក់ស្តែងឃើញថា ដីនេះជាដីព្រៃកោងកាង មិនមានការអាស្រ័យផលជាក់ស្តែងទេ។ ម្យ៉ាងទៀត ទីតាំងដីនេះ គឺជាទីតាំងដីដែលត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ហើយតាមរយៈអនុក្រឹត្យនេះ ទីតាំងដីនេះ គឺជាដីរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង។ ដូច្នេះ ទីតាំងដីនេះ នឹងត្រូវរក្សាទុកជាសម្បត្តិរដ្ឋសម្រាប់បម្រើផលប្រយោជន៍សាធារណៈដដែល
៣. ចំពោះទីតាំងដីទំហំប្រហែល ២០០ហិកតា រដ្ឋបាលស្រុកត្រូវសិក្សាឱ្យបានច្បាស់អំពីទីតាំងដែលប្រជាពលរដ្ឋថាមានការទន្ទ្រានកាន់កាប់។
៤. រដ្ឋបាលឃុំ ស្រុក ត្រូវសិក្សារកទីតាំងដីសម្រាប់ចាក់សំរាម។ ទីតាំងដីនៅក្នុងតំបន់ដែលប្រជាពលរដ្ឋប្តឹងថា មានការទន្ទា្រនកាន់កាប់ដីរដ្ឋទាំងពីរទីតាំងនេះ (ដី១៥ហិកតា និង៤០ហិកតា) មិនអាចធ្វើជាទីលានចាក់សំរាមបានទេ ព្រោះដីនេះជាដីទំនាបជាប់ដៃសមុទ្រ។ រដ្ឋបាលឃុំ ស្រុក អាចសិក្សាលើ ទីតាំងដីទំហំ ១៥ហិកតា ក្នុងការដោះដូរជាមួយដីឯកជនណាមួយ ដែលមានស្ថានភាពសមស្របអាចចាក់សំរាមបាន ហើយម្ចាស់កម្មសិទ្ធិដីនោះព្រមដោះដូរ។
ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃកោរ February 23, 2024