លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ពន្ធ័ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលមាន ៤គណបក្សចូលរួមពីតំណាង ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទះខ្មែរ ៣-គណបក្សហ្វុនស៊ិនបិច និង៤-គណបក្សកំលាំងជាតិ។
ក្នុងកិច្ចប្រជុំនេះបានផ្សព្វផ្សាយ៖
១-សេចក្តីណែនាំ ស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ថ្ងៃអាទិត្យទី២៥ កុម្ភៈ ឆ្នាំ២០២៤
២-ការដាក់ និងការទទួលពាក្យសូម ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត
៣-ការចុះភ្នាក់ងារសង្កេតការណ៍
៤-ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
៥-ការបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
៦-ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត។
ក្នុងកិច្ចប្រជុំនេះក៏មានមតិ និង សំណូមពរមួយចំនួនបានលើកឡើង៖
១-សំណូមពរ ឱ្យលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យមានបណ្ឌ័សំគាល់ខ្លួន(ប្រសិនបាត់អត្តសញ្ញាណប័ណ្ណ គឺអាចយកបណ្ណសំគាល់ខួនទៅបោះឆ្នោតបាន)។
២-សមាជិកក្រុមប្រឹក្សាសង្កាត់សង្កាត់ដងទង់១នាក់ បានទទួលមរណភាព សំណូមពរអឱ្យធ្វើបែបបទប្តូរសមាជិកក្រុមប្រឹក្សាឱ្យបានលឿន មុនការបោះឆ្នោតមកដល់។
លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងអោយលោកជំទាវអភិបាលខេត្ត បានទទួលយកសំណូមពរ និងបានលើកឡើងពីប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងជំរុញអោយកំលាំងសមត្ថកិច្ច រៀបផែនការតាមប្រតិទិនខាងលើ ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ប្រកបដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា៕
ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ January 10, 2024