ខេត្តកោះកុង : នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣:១៥ នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់ព្រិន្ទបាលឯក ជូនសពលោក ព្រិន្ទបាលទោ ឡែម ឈួន ជំនួយការភស្តុភារ កងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ០៦:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅទីតម្កល់សព ស្ថិតនៅវត្តតាតៃក្រោម នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ លោកមេបញ្ជាការបានពាំនាំនូវសារចូលរួមរំលែកទុក្ខ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង តំបន់ប្រតិបត្តិការសឹករងកោះកុង សូមចូលរួមសម្ដែងនូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់យោធិនសំខាន់មួយរូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។
លោកមេបញ្ជាការក៏បាននាំយកនូវថវិកាមិត្តរួមអាវុធ និងថវិការវិភាគទានយោធិនមរណៈ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ជូនគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។