ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង បាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារជួសជុលផ្ទះ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ២២គ្រួសារ នៅវត្តកោះប៉ោ គ្រោះមហន្តរាយធម្មជាតិនេះបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ ៤៨សន្លឹក និងស័ង្កសី៦៣សន្លឹក នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ ។
សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស អាវយឺត២ ព្រមទាំងហ្វីប្រូស៊ីម៉ង់ និងស័ង្កសីឆ្លើយតបទៅតាមទំហំខូចខាតរបស់បងប្អូនដែលជាជនរងគ្រោះ។សាខាក៏បាននាំយកសម្ភារប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តែ១០កញ្ចប់ ទឹកត្រី ១កេស ព្រមទាំងបច្ច័យចំនួន២០០,០០០រៀលផងដែរ។
ថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២