រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចូលរួមចុះពិនិត្យគម្រោងស្នើសូមជួលដីរដ្ឋធ្វើអាជីវកម្មខ្សាច់ ចំនួន ២ គម្រោង របស់ក្រុមហ៊ុន Royal Group Co.,LTD ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំប្រឡាយ ស្រុកថ្មបាំង នៃខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យគម្រោងស្នើសូមជួលដីរដ្ឋធ្វើអាជីវកម្មខ្សាច់ ចំនួន ២ គម្រោង របស់ក្រុមហ៊ុន Royal Group Co.,LTD ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំប្រឡាយ ស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ៕ - ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងស្នើសូមធ្វើអាជីវកម្មខ្សាច់ របស់ក្រុមហ៊ុន ក្រុមការងារនៃស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកំណត់ហេតុរួមមួយដើម្បីដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច ក្នុងនោះរដ្ឋបាលខេត្តបានស្នើសូមនូវចំណុចមួយចំនួនដូចខាងក្រោម៖
១- សូមក្រុមហ៊ុនសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ទៅលើបរិស្ថាន និងសង្គម
២- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន
៣- សូមជួយលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្ត
៤- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ
៥- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការចាំបាច់៕

ថ្ងៃសុក្រ ២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ June 11, 2021

អត្ថបទទាក់ទង