លោក អ៊ូ រី ប្រធានមន្ទីរ ដឹកនាំលោក លោកស្រីអនុប្រធានមន្ទី លោកប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្តកោះកុង ចូលរួមសិក្ខាសាលា ស្តីពី «ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច» តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលរៀបចំឡើងដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាឧបករណ៍គ្រប់គ្រងសម្រាប់វាស់វែងវឌ្ឍនភាពធៀបនឹងសូចនាករសមិទ្ធកម្ម ដែលក្រសួងបានកំណត់ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមអនុវត្ត ព្រមទាំងបានណែនាំឱ្យអនុក្រុមការងារទាំងអស់ ពង្រឹងកិច្ចសហការ ពន្លឿនការអនុវត្តផែនការសកម្មភាពឱ្យសម្រេចបានតាមសូចនាករ និងពង្រឹងប្រព័ន្ធឌីជីថលក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយតំណាងអនុក្រុមការងារចំនួន ៤ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងលេខាធិការដ្ឋានបានបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ ដោយមានការចូលរួមពិភាក្សាយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដែលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តការងាររបស់ក្រសួងអធិការកិច្ច ស្របតាមទិសដៅកែទម្រង់របស់រាជរដ្ឋាភិបាល។
នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦






