/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់ម្ចាស់ និងតំណាងក្រុមហ៊ុន អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ តំបន់សេដ្ឋកិច្ចពិសេស វារីអគ្គិសនី និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់ម្ចាស់ និងតំណាងក្រុមហ៊ុន អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ តំបន់សេដ្ឋកិច្ចពិសេស វារីអគ្គិសនី និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា អនុក្រឹត្យ និងច្បាប់ខាងលើ គឺជាឧបករណ៍ច្បាប់ដ៏សំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារប្រជាពលរដ្ឋពីហានិភ័យនានា។ ការផ្សព្វផ្សាយនេះ មិនមែនគ្រាន់តែជាការស្តាប់ខ្លឹមសារច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនការយល់ដឹង ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចំណេះដឹងទៅអនុវត្តជាក់ស្តែងឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
លោកជំទាវអភិបាលខេត្ត បានបន្តថា ចំពោះការពង្រឹងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដូចជា រោងចក្រ បុរី លំនៅឋាន អគារស្នាក់នៅ ផ្ទះជួល ខុនដូ និងទីតាំងផ្សេងៗ អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់បទល្មើស ការរំខានសណ្តាប់ធ្នាប់ ការប្រើប្រាស់ទីតាំងខុសច្បាប់ ការបង្កហានិភ័យអគ្គិភ័យ និងហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវពង្រឹងកិច្ចសហការរវាងអាជ្ញាធរ ម្ចាស់ទីតាំង អ្នកគ្រប់គ្រង អ្នករស់នៅ និងកងកម្លាំងមានសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់គោលការណ៍ បង្ការមុនកើតហេតុ ឆ្លើយតបបានទាន់ពេលវេលា និងដោះស្រាយដោយស្របច្បាប់។
ក្នុងរយៈពេលថ្មីៗនេះ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលបង្កការខាតបង់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម។ បទល្មើសនេះ អាចកើតឡើងតាមរយៈការហៅទូរស័ព្ទ សារជាអក្សរ បណ្តាញសង្គម កម្មវិធីទំនាក់ទំនង គេហទំព័រ គណនីក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបញ្ឆោតឱ្យជនរងគ្រោះផ្តល់ព័ត៌មានផ្ទាល់ខ្លួន លេខកូដសម្ងាត់ លេខគណនី ឬការសម្អាតប្រាក់។
ទាក់ទងនឹងបញ្ហានេះ លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចងចាំគោលការណ៍ «គិតមុនចុច គិតមុនផ្ទេរ គិតមុនជឿ»។ ជាពិសេស មិនត្រូវផ្តល់ព័ត៌មានសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុ ទៅឱ្យអ្នកមិនស្គាល់ និងមិនត្រូវចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីដែលមានប្រភពមិនច្បាស់លាស់។ ប្រសិនបើមានការសង្ស័យថា ខ្លួនឯង ឬអ្នកដទៃកំពុងរងគ្រោះ ត្រូវប្រញាប់ជូនដំណឹងទៅសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបានទាន់ពេលវេលា។
លោកជំទាវអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំង បើមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវទេ គឺមិនមានការលើកលែងឡើយ នឹងត្រូវចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត។ លោកជំទាវក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចៀសឱ្យឆ្ងាយពីការឃុបឃិត និងការលាក់បាំងជនប្រព្រឹត្តបទល្មើស កុំមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានលើច្បាប់។
ក្នុងពិធីនេះ លោកជំទាវអភិបាលខេត្ត ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តអនុក្រឹត្យ និងច្បាប់ខាងលើឱ្យមានប្រសិទ្ធភាព និងជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយបន្ត តាមរយៈការប្រជុំ វេទិកាសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និងវិធានការការពារខ្លួន៕
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    17/09/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកោះកុង លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី នៃមន្ទីរកិច្ចការនារីខេត្ត កោះកុង បានចូលរួមកិច្ចប្រជុំ ស្តីពីរបាយការណ៌សមិទ្ធផលការងារ ឆ្នាំ២០២៤-២០២៦ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមរយៈប្រពន្ធ័ ZOOM

  • ហេង គីមឆន/
    17/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរភូមិទាំងបួន គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងប្រជាការពារភូមិ រួមកម្លាំងសាមគ្គីគ្នាសាងសង់ផ្ទះ ចំនួន ០១ខ្នង ដល់ស្ត្រីមេម៉ាយក្រីក្រឈ្មោះ ស៊ុំ ម៉ក់ អាយុ ៧៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះចាក ដោយប្រើប្រាស់ថវិកាឧបត្ថម្ភរបស់លោកមេឃុំ និងថវិកាជំនួយសង្គម ដល់ប្រជាពលរដ្ឋនៃរដ្ឋបាលឃុំទួលគគីរ

  • ហេង គីមឆន/
    17/09/2026

    លោកស្រី ឃុត ម៉ាលីវ៉ាន់ សមាជិកអចិន្ត្រៃយ៍គ.ក.ន.ក. ឃុំ និងលោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  និងជាប្រធាន គ.ក.ន.ក. ឃុំ បានសហការជាមួយអាជ្ញាធរភូមិតាចាត ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូនរួចចំនួន ០៣គ្រួសារ ស្ថិតនៅភូមិតាចាត ដោយបាននាំយកនូវអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំ មានជាគ្រឿងឧបភោគបរិភោគ ចំនួន ០១កញ្ចប់ និងថវិកាមួយចំនួន

  • ហេង គីមឆន/
    17/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក អ៊ូច​ ម៉ុន ជាសមាជិក អ.ន.ក. មានទីលំនៅ ភូមិ១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    17/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    17/09/2026

    ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលពាក់ព័ន្ធក្នុងខេត្តកោះកុង បានចូលរួមវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។