សាខា កក្រក ខេត្តកោះកុង៖ រសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អមដំណើរដោយ លោក ភូថង សេរីវុឌ្ឍី ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេរមភូមិន្ទ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី១១ ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រកឈ្មោះ សេន ណូ អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនស្រីពិការ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។
អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភបន្ថែម ទទួលបាន៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៥០គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ធុងទឹក១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន ។




























