/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសម្ភារសប្បុរសធម៌ ពីក្រុមហ៊ុន ឆាយណាហ៊រទាន China Huadian Company ជូនដល់មណ្ឌលថែទាំកុមាររបស់រដ្ឋខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសម្ភារសប្បុរសធម៌ ពីក្រុមហ៊ុន ឆាយណាហ៊រទាន China Huadian Company ជូនដល់មណ្ឌលថែទាំកុមាររបស់រដ្ឋខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារសប្បុរសធម៌ពីក្រុមហ៊ុន China Huadian និងដៃគូសហការ ជូនដល់មណ្ឌលថែទាំកុមាររបស់រដ្ឋខេត្តកោះកុង។ វត្តមានរបស់លោក LIU XINXI និងប្រតិភូទាំងអស់នាពេលនេះ ព្រមទាំងការនាំយកសម្ភារ មកឧបត្ថម្ភដល់ក្មួយៗកុមារ គឺជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបានឆ្លុះបញ្ចាំងពីស្មារតី ទទួលខុសត្រូវសង្គម ក្តីស្រឡាញ់ ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះកុមារ ដែលជាធនធានដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។
ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះមណ្ឌលថែទាំកុមាររបស់រដ្ឋ ខេត្តកោះកុង និងក្មួយៗទាំងអស់ ដែលទទួលបានសម្ភារសប្បុរសធម៌នាពេលនេះ។ សម្ភារទាំងនេះ មិនមែនគ្រាន់តែជាជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្ត ក្តីសង្ឃឹម និងការលើកទឹកចិត្តឱ្យក្មួយៗខិតខំរៀនសូត្រ ក្លាយជាពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិនាពេលអនាគត។
កន្លងមក ក្រុមហ៊ុន China Huadian បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត កោះកុង តាមរយៈការវិនិយោគ ការបង្កើតការងារ ការចូលរួមកិច្ចការសង្គម និងការគាំទ្រ វិស័យអប់រំ។ ជាក់ស្តែងក្រុមហ៊ុនបានជួយសាងសង់ទីលានកីឡា បន្ទប់កុំព្យូទ័រ បណ្ណាល័យ ផ្តល់សម្ភារសិក្សា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ សកម្មភាពទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើការអភិវឌ្ឍអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរយ៉ាងខ្លាំងអំពីផលប្រយោជន៍រួមរបស់សង្គម ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដោយផ្តោតលើការកសាងមូលធនមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹង សុខុមាលភាពសង្គម ការចូលរួមរបស់វិស័យឯកជនដូចជាក្រុមហ៊ុន China Huadian គឺជាកម្លាំងដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កុមារគឺជាអនាគតរបស់ប្រទេសជាតិ។ ការវិនិយោគលើកុមារ គឺជាការវិនិយោគដ៏មានតម្លៃ និងផ្តល់ផលប្រយោជន៍យូរអង្វែងបំផុត។ ការថែទាំ អប់រំ និងការផ្តល់ឱកាសដល់កុមារ ជាពិសេសកុមារកំព្រា និងកុមារងាយរងគ្រោះ គឺជាកាតព្វកិច្ចរួមរបស់រាជរដ្ឋាភិបាល អាជ្ញាធរ សហគមន៍ វិស័យឯកជន និងសប្បុរសជនទាំងអស់។
រដ្ឋបាលខេត្តកោះកុង តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារសង្គម ការការពារកុមារ ការលើកកម្ពស់សិទ្ធិកុមារ និងការបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងឱកាសស្មើភាពសម្រាប់កុមារគ្រប់រូប។ ខេត្តកោះកុង ក៏មានការចូលរួម យ៉ាងសកម្មពីក្រុមហ៊ុន អង្គការ សមាគម និងសប្បុរសជនជាច្រើន ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍសហគមន៍ ការអប់រំ សុខាភិបាល បរិស្ថាន និងការងារមនុស្សធម៌។ កិច្ចសហការដ៏ល្អនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន China Huadian មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែល បានបន្តគាំទ្រដល់ការអភិវឌ្ឍខេត្តកោះកុង និងបានបង្ហាញនូវស្មារតីមនុស្សធម៌ដ៏ប្រពៃ តាមរយៈការចែករំលែកក្តីស្រឡាញ់ដល់ក្មួយៗកុមារនាពេលនេះ។
ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃមណ្ឌលថែទាំកុមាររបស់រដ្ឋខេត្តកោះកុង ដែលបានខិតខំបំពេញការងារដោយទំនួលខុសត្រូវ និងមនសិការខ្ពស់ ក្នុងការថែទាំ អប់រំ និងអភិវឌ្ឍសមត្ថភាពរបស់កុមារឱ្យក្លាយជាពលរដ្ឋល្អនាពេលអនាគត។
ក្មួយៗជាទីស្រឡាញ់ ! សូមក្មួយៗខិតខំរៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងអ្នកថែទាំ ប្រកាន់ខ្ជាប់នូវអំពើល្អ មានសីលធម៌ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជា យុវជនល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ខ្ញុំជឿជាក់ថា សកម្មភាពសប្បុរសធម៌នាពេលនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់ស្ថាប័ន ក្រុមហ៊ុន និងសប្បុរសជនផ្សេងៗទៀត ក្នុងការចូលរួមចំណែកលើកកម្ពស់ការងារសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅខេត្តកោះកុង និងនៅកម្ពុជាទាំងមូល៕
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/08/2026

    សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ម៉ម សម័យ ភរិយាសព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី១ អាណត្តិទី២ អាណត្តិទី៣ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/08/2026

    សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានសេចក្តីតក់ស្លុត និងក្រៀមក្រំជាទីបំផុត សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាបថា ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង ពីអាណត្តិទី១ ដល់អាណត្តិទី៣ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២:០៩នាទី នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយ រោគាពាធ ក្នុងជន្មាយុ៧៥ ឆ្នាំ

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/08/2026

    កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំលោក សួន ណន មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ មើលដំណាំស្រូវរបស់កសិករដែលកំពុងជួបប្រទះបញ្ហា ដង្កូវបំពង់កាត់ស្លឹកលើដំណាំស្រូវ លើផ្ទៃដី ១៣,៥ ហិកតា មានទីតាំងនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    06/08/2026

    លោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តកោះកុង»

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅការិយាល័យច្រកចេញចូលតែមួយ

  • ហេង គីមឆន/
    06/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអធិបតី ក្នុងវេទិកាសន្ទនាក្រោមប្រធានបទ ស្តីពីការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងយុគសម័យឌីជីថល