/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួម និងមានមតិក្នុងកម្មវិធី ផ្សព្វផ្សាយក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះជាប្រធានបទមួយដែលមានសារៈសំខាន់បំផុតក្នុងការ បំផុសស្មារតី និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាព ប្រទេសជាតិយើង។
ប្រធានបទនេះ មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជាសារអំពាវនាវឱ្យយើងទាំងអស់គ្នាផ្លាស់ប្តូរ ឥរិយាបថ និងបង្កើតទម្លាប់រស់នៅស្អាតដោយចាប់ផ្តើមចេញពី បុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ រហូតដល់សង្គមជាតិទាំងមូល។ កម្ពុជាស្អាតអាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមគ្នាយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប ព្រោះថាការងារនេះ មិនអាចសម្រេចបានដោយបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯងនោះឡើយ។
ភាពស្អាត គឺជាគ្រឹះយ៉ាងរឹងមាំនៃសុខុមាលភាព គុណភាពជីវិត និងជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យ ទេសចរណ៍ ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសមួយដែលមានបរិស្ថានស្អាត មានរបៀបរៀបរយ និងមានប្រជាពលរដ្ឋប្រកបដោយវិន័យ តែងតែបង្កើតបាននូវទំនុកចិត្ត និងភាពទាក់ទាញខ្ពស់ចំពោះភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សម្រាប់ខេត្តកោះកុង ដែលជាដែនដីពោរពេញដោយធនធានធម្មជាតិដ៏សម្បូរបែប ដូចជា ឆ្នេរសមុទ្រ កោះ ព្រៃកោងកាង ទឹកជ្រោះ និងតំបន់អេកូទេសចរណ៍ជាច្រើន ការថែរក្សាអនាម័យនិងបរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់យើង ទាំងអស់គ្នា។ ការទុកដាក់សំរាមមិនត្រឹមត្រូវ ការបំពុលប្រភពទឹក និងការបំផ្លាញធម្មជាតិ នឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដូច្នេះ រដ្ឋបាលខេត្តកោះកុង បាននិងកំពុងយកចិត្តទុកដាក់យ៉ាងសកម្ម លើការពង្រឹងការគ្រប់គ្រងសំណល់រឹង ការរៀបចំទីប្រជុំជនឱ្យមានសណ្តាប់ធ្នាប់ ការដាំដើមឈើ បង្កើនគម្របបៃតង និងការអប់រំផ្សព្វផ្សាយអំពីបរិស្ថាន ក្រោមការចូលរួមយ៉ាងសកម្មពីគ្រប់មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងមូល។
យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងទទួលបានជោគជ័យ និងមានចីរភាព លុះត្រាតែមានការចូលរួមយ៉ាង សកម្មពីយើងទាំងអស់គ្នា តាមរយៈសកម្មភាពជាក់ស្តែងដូចជា ៖ ឈប់បោះចោលសំរាមពាសវាលពាសកាល ហើយត្រូវញែកនិងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង។ចូលរួមដាំដើមឈើ ថែរក្សា និងពង្រីកតំបន់បៃតងនៅក្នុងសហគមន៍។ រក្សាភាពស្អាតជានិច្ចនៅតាមខ្នងផ្ទះ សាលារៀន កន្លែងធ្វើការ និងទីសាធារណៈ។ អប់រំ និងធ្វើជាគំរូល្អដល់កូនចៅឱ្យមានទម្លាប់ស្រឡាញ់អនាម័យ និងចូលរួមការពារបរិស្ថាន។
សកម្មភាពតូចៗទាំងនេះ ប្រសិនបើប្រជាពលរដ្ឋរាប់លាននាក់ចូលរួមអនុវត្តយ៉ាងសកម្ម និងជាប្រចាំ នឹងក្លាយជា កម្លាំងចលករដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរមុខមាត់កម្ពុជាឱ្យកាន់តែ ស្អាត បៃតង និងផាសុកភាព។ ក្នុងនោះដែរ យុវជន សិស្សានុសិស្ស កាយរឹទ្ធិ យុវជនកាកបាទក្រហម និងអង្គការយុវជននានា គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការធ្វើជាគំរូល្អ តាមរយៈ ការចូលរួមសម្អាតបរិស្ថាន និងពង្រីកការផ្សព្វផ្សាយសារអប់រំឱ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍។
ភាពស្អាត មិនត្រឹមតែស្តែងចេញតាមរយៈអនាម័យផ្លូវថ្នល់ ឬទីសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំង ពីស្មារតី វិន័យ ការគោរពច្បាប់ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋដែលមានវិន័យ និងការទទួលខុសត្រូវខ្ពស់ តែងតែចេះស្រឡាញ់បរិស្ថាន មិនបោះសំរាមចោលពាសវាលពាសកាល និងមិនបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានសិក្សា ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរួមសហការគ្នាឱ្យកាន់តែសកម្ម ដើម្បីយុទ្ធនាការនេះឱ្យក្លាយជាចលនា សង្គមដ៏រស់រវើក និងមាននិរន្តរភាព។
សូមយើងទាំងអស់គ្នា ចាប់ផ្តើមធ្វើសកម្មភាពចេញពីខ្លួនយើងផ្ទាល់ ដោយផ្តើមចេញពីការសម្អាតលំនៅឋាន ភូមិ-ឃុំ-សង្កាត់ កន្លែងធ្វើការ និងទីសាធារណៈ ព្រោះថា «ភាពស្អាតរបស់ប្រទេសជាតិ គឺចាប់ផ្តើមចេញពីភាពស្អាត និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ»៕
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះទៅណែនាំ និងហាមឃាត់ឈ្មោះ ហ៊ុយ គីមហុង ជាម្ចាស់ផ្ទះបានយកគ្រឿងចក្រឈូសឆាយលុបប្រឡាយគន្លងទឹកហូរដែលក្រុមការងាររបស់រដ្ធបាលឃុំបានជួលគ្រឿងចក្រកាយសងខាងផ្លូវសម្រាប់ឲ្យទឹកហូរកុំឲ្យហូរច្រោះមករកផ្លូវ

  • ហេង គីមឆន/
    27/07/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្ដកោះកុង

  • ហេង គីមឆន/
    26/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាបាល់ទាត់ខេត្តកោះកុង ដែលត្រៀមចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០

  • ហេង គីមឆន/
    26/07/2026

    លោក ទៀ សុរៈឆ័យ និងលោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ នៅវត្តអម្ពវ័ន ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង