លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាបាល់ទាត់ខេត្តកោះកុង ដែលត្រៀមចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទាត់ខេត្តកោះកុង មុននឹងចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ដែលជាកម្មវិធីប្រកួតកីឡាដ៏មានសារៈសំខាន់ថ្នាក់ជាតិ និងជាឱកាសដ៏ល្អសម្រាប់កីឡាករបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរបស់ខេត្តកោះកុង។
ជាដំបូង ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងក្រុម គ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ មានវិន័យ និងការតាំងចិត្តខ្ពស់ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតលើកនេះ។ ការចូលរួមរបស់យើង គឺមិនត្រឹមតែទៅប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងឱ្យកិត្តិយស មុខមាត់ និងសក្តានុពលរបស់ខេត្តកោះកុងទាំងមូល។
ខ្ញុំសូមលើកទឹកចិត្តឱ្យកីឡាករទាំងអស់ រក្សាភាពជឿជាក់លើខ្លួនឯង បំពេញតួនាទីរៀងៗខ្លួនឱ្យបានល្អ គោរពវិន័យក្រុម ស្តាប់ការណែនាំរបស់គ្រូបង្វឹក និងលេងដោយស្មារតីទទួលខុសត្រូវ ប្រកបដោយភាពថ្លៃថ្នូរ សុចរិតភាព និងការគោរពគូប្រកួត។ មិនថាលទ្ធផលយ៉ាងណាក៏ដោយ សូមឱ្យបងប្អូនប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះការខិតខំប្រឹងប្រែង និងការរួបរួមជាក្រុម គឺជាកត្តាសំខាន់នៃភាពជោគជ័យ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង យើងតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡា ព្រោះកីឡាមិនត្រឹមតែជួយលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអប់រំយុវជនឱ្យមានវិន័យ ការទទួលខុសត្រូវ ស្មារតីសហការ និងចៀសវាងអំពើអបាយមុខផ្សេងៗ។ កីឡាក៏ជាស្ពានមិត្តភាព និងជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់ខេត្ត និងប្រទេសជាតិផងដែរ។
ខ្ញុំសូមផ្តាំផ្ញើដល់ក្រុមការងារ និងកីឡាករទាំងអស់ សូមថែរក្សាសុខភាព សុវត្ថិភាព អនាម័យ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ សូមធ្វើជាគំរូល្អក្នុងការប្រកួត ដោយគោរពបទបញ្ជា និងសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល ព្រមទាំងបង្ហាញនូវអត្តចរិតល្អ ដែលសមជាតំណាងឱ្យខេត្តកោះកុង។
ខ្ញុំសូមជូនពរដល់គណៈគ្រប់គ្រងក្រុម គ្រូបង្វឹក និងកីឡាករទាំងអស់ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន ស្មារតីរឹងមាំ និងសូមទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីនាំមកនូវកិត្តិយស និងមោទនភាពជូនខេត្តកោះកុង៕
ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦




























































