/ / /

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងការបម្រើសេវាសុខភាពនៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានសុខាភិបាល ស្រុកប្រតិបត្តិស្មាច់មានជ័យ

លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ក្នុងមូលដ្ឋានសុខាភិបាលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។

ការចុះត្រួតពិនិត្យនេះមានគោលបំណងតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការពង្រឹង និងការបម្រើសេវាសុខភាពបឋមនៅតាមមណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាពព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីផ្តល់អនុសាសន៍សម្រាប់កែលម្អការងារជាបន្តបន្ទាប់។ ការវាយតម្លៃបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទូទៅ ការគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ស្ថានភាពធនធានមនុស្ស គុណភាពនៃការបម្រើសេវា ក្រមសីលធម៌ និងយន្តការអភិបាលកិច្ចនៅមូលដ្ឋាន ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ ការផ្តល់សេវាសុខាភិបាលល្អ មិនអាស្រ័យតែលើសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាសមរម្យ ការទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដើម្បីបង្កើនការពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាសុខាភិបាលសាធារណៈ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព សុវត្ថិភាព សីលធម៌វិជ្ជាជីវៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលជាតិ។ ទន្ទឹមនឹងការពង្រឹងសេវាសុខភាពបឋម ក្រសួងសុខាភិបាល ក៏បន្តជំរុញការអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ព័ត៌មានសុខភាពត្រឹមត្រូវ និងស្វែងរកការព្យាបាលស្របតាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ ការកសាងទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេស គឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ស្របតាមគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល។

គួរបញ្ជាក់ដែរថាមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពដែលបានត្រួតពិនិត្យមានដូចជា៖
១. មណ្ឌលសុខភាពស្ទឹងវែង
២. ប៉ុស្ដិ៍សុខភាពតាតៃ
៣. មណ្ឌលសុខភាពឫស្សីជ្រុំ
៤. មណ្ឌលសុខភាពត្រពាំងរូង
៥. ប៉ុស្ដិ៍សុខភាពជ្រោយប្រស់

ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ នៃមន្ទីរសុខាភិបាលខេត្តកោះកុង៕

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
June 17, 2026

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/06/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​កោះកុង បានអញ្ជេីញចូលរួមពិធីបេីកយុទ្ធនាការផ្ទៀងផ្ទាត់គណនីធនាគារ/គណនីទូទាត់សងប្រាក់ ជាមួយនិងអត្តសញ្ញាណអ្នកប្រេីប្រាស់ស៉ីមកាត

  • ហេង គីមឆន/
    18/06/2026

    ឯកឧត្តម អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ​ ចុះមកអធិការកិច្ច លើអង្គភាពមន្រ្តីនគរបាលយុត្តិធម៌ នៃពន្ធនាគារខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    18/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងប្រធានការិយាល័យ ស្ត្រីនិងសុខភាព ស្រ្តីនិងការអប់រំ ព្រមទាំងមន្រ្តី ០២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពស្រ្តី អាហារូបត្ថម្ភ សម្រាប់ស្រ្តី និងក្មេងស្រី នៅសាលាឃុំតាតៃក្រោម ស្រុកកោះកុង

  • ហេង គីមឆន/
    17/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកោះកុង ពិភាក្សាការងារចាំបាច់មួយចំនួន

  • ហេង គីមឆន/
    17/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តកោះកុង) ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦