/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងពិធីផ្សព្វផ្សាយ”ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់”

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងពិធីផ្សព្វផ្សាយ”ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់”។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សម្រាប់ខេត្តកោះកុង គឺជាខេត្តមួយដែលត្រូវបានថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម យកចិត្តទុកដាក់ខ្លាំងក្នុងចំណោមរាជធានីខេត្តផ្សេងទៀត ដែលបានរៀបចំនូវកម្មវិធីផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងបញ្ចៀសបានផលអវិជ្ជមានផ្សេងៗផងដែរ។ ជសការពិតណាស់ ខ្សាច់គឺជាធនធានធម្មជាតិដ៏សំខាន់សម្រាប់វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង។ ទោះជាយ៉ាងណាក៏ដោយការធ្វើអាជីវកម្មខ្សាច់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះការរៀបចំយន្តការគ្រប់គ្រង ឱ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ គឺជាកត្តាចាំបាច់បំផុត។ ក្នុងន័យនេះ យន្តការគ្រប់គ្រងគួរតែផ្តោតលើចំណុចសំខាន់ៗដូចជា៖
-ការផ្តល់អាជ្ញាបណ្ណដោយតម្លាភាព៖ គឺជាការអនុញ្ញាតឱ្យធ្វើអាជីវកម្មខ្សាច់ត្រូវអនុវត្តតាមច្បាប់ និងគោលការណ៍បច្ចេកទេសច្បាស់លាស់ ដើម្បីធានាថាការធ្វើអាជីវកម្មមិនប៉ះពាល់ដល់បរិស្ថាន និងសហគមន៍។
-ការត្រួតពិនិត្យ និងវាយតម្លៃ៖ ក្រសួង ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវមានការតាមដានជាប់ជាប្រចាំ ធ្វើការវាស់វែង និងវាយតម្លៃទៅលើបរិមាណខ្សាច់ដែលបានយក និងផលប៉ះពាល់ ដែលអាចកើតមាន នៅក្នុងការធ្វើអាជីវកម្ម។
-ការអនុវត្តបទដ្ឋានបច្ចេកទេស៖ ក្រុមហ៊ុន ឬអាជីវករទាំងអស់ ត្រូវគោរពតាមបទដ្ឋាន បច្ចេកទេស ដូចជាកំណត់ជម្រៅនៃការដកខ្សាច់ ឧបករណ៍បច្ចេកទេស តំបន់អនុញ្ញាត និងវិធានការការពារបរិស្ថាន។
-ការចូលរួមពីសហគមន៍ និងសាធារណជន៖ ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន គួរត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការត្រួតពិនិត្យ និងរាយការណ៍អំពីសកម្មភាពបូមខ្សាច់ ខុសច្បាប់ ជូនអាជ្ញាធរ និង/ឬស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការ។
-ការពង្រឹងការអនុវត្តច្បាប់៖ រដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នដើម្បីចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះការធ្វើអាជីវកម្មខ្សាច់ខុសច្បាប់នានានៅក្នុងមូលដ្ឋានខេត្តកោះកុង ដើម្បីការពារផលប្រយោជន៍ជាតិ និងធនធានធម្មជាតិ។
ដូចនេះ ការគ្រប់គ្រងអាជីវកម្មខ្សាច់ឱ្យមានប្រសិទ្ធភាព មិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ការអភិវឌ្ឍត្រូវដើរ ទន្ទឹមគ្នាជាមួយការអភិរក្ស ដើម្បីធានាថាធនធានធម្មជាតិរបស់យើងនៅតែមានសម្រាប់កូន ចៅជំនាន់ក្រោយៗទៀត។
រដ្ឋបាលខេត្តកោះកុង តែងតែយកចិត្តទុកដាក់សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងភូមិសាស្ត្រខេត្តកោះកុង បានចំនួន ៩លើករួចមកហើយ។ នាងខ្ញុំសូមយកឱកាសនេះគោរពជម្រាបជូនថា វិស័យធនធានរ៉ែ នៅខេត្តកោះកុង បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងចំណូលជាតិ សម្រាប់ឆ្នាំ២០២៥ ដោយប្រមូលថវិកា ជូនរដ្ឋបានចំនួន ៥៣៥ ២១៦,៨២ដុល្លារសហរដ្ឋអាមេរិក(ប្រាំរយសាមសិបប្រាំពាន់ ពីររយ ដប់ប្រាំមួយ ក្បៀសប៉ែតសិបពីរដុល្លារអាមេរិក) និងប្រាក់រៀល ចំនួន ៤១ ៩៨៤ ៨០០រៀល (សែសិបមួយលាន ប្រាំបួនរយប៉ែតសិបបួនពាន់ ប្រាំបីរយរៀលគត់) ដែលជាប្រភេទអាជីវកម្មខ្សាច់ក្នុងស្រុក។
ទន្ទឹមនឹងលទ្ធផលខាងលើ នៅខេត្តកោះកុង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ចំណូលពីធនធានរ៉ែក៏មានការធ្លាក់ចុះ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងជម្លោះនៅមជ្ឈឹមបូព៌ា(អាមេរិក-អ៊ីស្រាអែល និងអឺរ៉ង់) ដែលជាកត្តាធ្វើឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មមួយចំនួនបានផ្អាកសកម្មភាពបណ្តោះអាសន្ន និងស្នើសុំបញ្ឈប់ការធ្វើអាជីវកម្មតែម្តង ដោយសារប្រេងឡើង ថ្លៃ និងតម្រូវការផ្គត់ផ្គង់ខ្សាច់មានការថយចុះខ្លាំង និងមួយផ្នែកទៀតដោយសារកត្តាភូមិសាស្ត្រ ខេត្តកោះកុងហ៊ុំព័ទ្ធទៅដោយតំបន់ការពារ និងតំបន់អភិរក្សអភិរក្សធនធានធម្មជាតិ ដែលមិនអាចអនុញ្ញាតហើយធ្វើអាជីវកម្មធនធានខ្សាច់បានឡើយ៕
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting