លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី“សំណេះសំណាល និងផ្តល់កញ្ចប់អាហារ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ៧០គ្រួសារ ក្នុងឱកាសបុណ្យរ៉ាយ៉ាហាជី” នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដោយបានចូលរួម ជាមួយ ឯកឧត្តម អស់លោក លោកស្រី ជាគណៈអធិបតី ក្នុងពិធី«សំណេះសំណាល និងផ្តល់កញ្ចប់អាហារ ជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ចំនួន ៧០គ្រួសារ ក្នុងឱកាសពិធីបុណ្យរ៉ាយ៉ាហាជ្ជី» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៦ខាងមុខនេះ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា នាងខ្ញុំសូមយកឱកាសនេះ សំដែងនូវការអបអរសាទរចំពោះបងប្អូនខ្មែរឥស្លាមទាំងអស់ ជាពិសេសបងប្អូននៅខេត្តកោះកុងរបស់យើង ដែលទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យជីវភាពបងប្អូនកាន់តែធូរធា និងមានសេរីភាពពេញលេញ ក្នុងការគោរពជំនឿ សាសនារបស់ខ្លួន។
ក្រោមម្លប់សន្តិភាពពេញលេញ ដែលទទួលបានដោយសារ អគ្គស្ថាបនិកនយោបាយឈ្នះ ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន យកចិត្តទុកដាក់ និងគិតគូរលើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះបានផ្តល់នូវសិទ្ធិសេរីភាព ខាងជំនឿ និងសាសនា ដោយរាជរដ្ឋាភិបាលបន្តលើកទឹកចិត្តឱ្យមានការសាងសង់ វត្តអារាម វិហារឥស្លាម និងវិហារសាសនាផ្សេងៗទៀត ធ្វើជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមាន សីលធម៌ សុជីវធម៌ មានសុខដុមនីយកម្ម ក្នុងសង្គម មិនមានអំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតី សាមគ្គី ស្រលាញ់រាប់អានគ្នាយ៉ាងទូលំទលាយនៅក្នុងសង្គម និងចូលរួមអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងបច្ចុប្បន្ន ខេត្តកោះកុង មានវិហារឥស្លាម ចំនួន ១៣វិហារ ស៊ូរ៉ាវ ចំនួន០៤ និងសាលារៀន ចំនួន ១៣សាលា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនខ្មែរ-ឥស្លាម ក្នុងឱកាសពិធី បុណ្យរ៉ាយ៉ាហាជ្ជី(ដែលត្រូវបានកំណត់យកថ្ងៃទី១ នៃខែហ្សូលហិជ្ជៈ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ជា ថ្ងៃ១កើត នៃខែឥស្លាមតទៅ រហូតដល់ថ្ងៃទី២៧ ខែឧសភា ដែលជាថ្ងៃរ៉ាយ៉ាហាជី) ដែលជាការបំពេញកាតព្វកិច្ច សាសនាឥស្លាមមួយ នៅក្នុងចំណោមកាតព្វកិច្ចធំៗទាំង៥ ចំពោះព្រះអាល់ឡោះ ជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជាមកលើជនមូស្លីម គ្រប់រូប។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ជាថ្មីម្តងទៀត ចំពោះ ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធី “សំណេះសំណាល និងផ្តល់កញ្ចប់អាហារ ព្រមទាំងថវិកា ចំនួន ១០ម៉ឺនរៀល ក្នុងមួយ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ៧០គ្រួសារ ក្នុងឱកាសពិធីបុណ្យរ៉ាយ៉ាហាជ្ជី” ដែលសប្បុរសជនឌូបៃ នៃប្រទេសអារ៉ាប់អីម៉ីរ៉េត បានឧបត្ថម្ភតាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការ អប់រំនិងអភិវឌ្ឍន៍។
សូមគោរពជូនពរ ឯកឧត្តម លោក លោកស្រី អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួប តែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសុំពរពីព្រះអាល់ឡោះ សូមឱ្យបង ប្អូនជនជាតិឥស្លាម ជួបតែ ស្លាម៉ាត់ (សុខសប្បាយ) រ៉ស់ម៉ាត់(សុខភាពល្អ) និងពើរ៉ឺកាត់(ចំរុងចម្រើន) កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦




























