មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង រៀបចំពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ នៅសាលាស្រុកបូទុមសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការសរុបប្រមាណ ៣០០នាក់។
ក្នុងពិធីនេះ លោកជំទាវអភិបាល នៃគណ:អភិបាលខេត្ត បានផ្តល់វត្ថុអនុស្សាវរីយ៍ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អតីតយុទ្ធជន និងនិវត្តជនដែលបានចូលរួមចំនួន ១៧០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដោយលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត។ ជាចុងបញ្ចប់ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត សូមចូលរួមរំឭកដល់គំរូវីរ:ភាព និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយរៀនសូត្រតាមគំរូវីរ:ភាពរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចូលរួមការពារជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍ។



































