កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំវគ្គបណ្តុះបណ្តាលអំពីការយល់ដឹងអំពីហានិភ័យនៃគ្រាប់មីន និងឥរិយាបថសុវត្ថិភាព ដល់អ្នកស្ម័គ្រចិត្តចំនួន៣០នាក់ ។
សាខា កក្រក ខេត្តកោះកុង ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការការពារ និងការប្រើប្រាស់បដិរូបសញ្ញា និងគោលការណ៍គ្រឹះរបស់ចលនា និងការយល់ដឹងអំពីហានិភ័យនៃគ្រាប់មីន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាព លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា លោក មុំ ភិរ័ក្ស នាយករងនាយកដ្ឋានទំនាក់ទំនង លោក ប៊ិស្ហុ ម៉ាហាត អ្នកជំនាញផ្នែកអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (ICRC) បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលអំពីការយល់ដឹងអំពីហានិភ័យនៃគ្រាប់មីន និងឥរិយាបថសុវត្ថិភាព ដល់អ្នកស្ម័គ្រចិត្តចំនួន៣០នាក់ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង បានបញ្ជាក់និងពន្យល់យ៉ាងក្បោះក្បាយអំពីការប្រើប្រាស់ និងការការពារបដិរូបសញ្ញាកាកបាទក្រហម ជូនដល់អ្នកស្ម័គ្រចិត្តនៅក្នុងវគ្គនេះ។
សូមជម្រាបជូនដែរថា អ្នកស្ម័គ្រចិត្តទាំង២៥នាក់នេះ គឺជាអ្នកទទួលបានការបណ្តុះបណ្តាលនិងធ្វើការអប់រំផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រាប់មីន។


























