/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកោះកុង។ នាងខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃ អ.ជ.ក និងប្រតិភូទាំងអស់ ក៏ដូចជាឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានលះបង់ពេល វេលាដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។
ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងការអភិវឌ្ឍ ពិសេសបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរជាទីមោទក។ ជាក់ស្តែងសមិទ្ធផលជាច្រើនដែលនឹងកំពុងលូតលាស់ នៅខេត្តកោះកុង មានជាអាទិ៍ រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត ដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គម្រោងវិនិយោគឯកជនក្នុងនិងក្រៅប្រទេស ក៏ដូចជាគម្រោងវិនិយោគផ្ទាល់របស់ខេត្ត និងកម្រិតមូលនិធិអភិវឌ្ឍន៍ក្រុង ស្រុកឃុំសង្កាត់ជាដើម ដែលផ្លែផ្កាទាំងនេះបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។ ទន្ទឹមនឹងផ្លែផ្កាជាវិជ្ជមានខាងលើ ក៏មានផលអវិជ្ជមានមួយចំនួន ពោលគឺវិវាទ ដែលកើតឡើងរវាងបុគ្គលនិងបុគ្គល បុគ្គលនិងនីតិបុគ្គល នីតិបុគ្គលនិងនីតិបុគ្គល ទាំងឯកជន និងសាធារណៈ ដែលទាំងអស់គ្នាត្រូវរួមគ្នាសម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយអនុវត្តយន្តការឈ្នះ ឈ្នះទាំងអស់គ្នា។
ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល ជាទីមេត្រី! ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងផ្នែកទី៦ បានចែង អំពីការដោះស្រាយវិវាទនៅមូលដ្ឋាន ចំពោះវិវាទមានលក្ខណៈឯកជន រវាងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សាផ្សេងគ្នា ឱ្យតែមានភាគីណាមួយ ឬភាគីទាំងសងខាងនៅក្នុងវិវាទ ស្នាក់នៅ ជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ចខ្លួន។ បន្ថែមលើនេះ តាមរយៈការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល បានធ្វើការផ្ទេរសិទ្ធិអំណាចនិងមុខងារដោះស្រាយ វិវាទឱ្យមករដ្ឋបាលក្រុងស្រុកខណ្ឌដោយបង្កើតរចនាសម្ព័ន្ធ ជាការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ការិយាល័យនីតិកម្ម និង សម្រុះសម្រួលវិវាទមូលដ្ឋាននេះ គឺជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន និងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការដោះស្រាយវិវាទនៅមូលដ្ឋាន ក៏ជាទំនៀមទំលាប់មួយក្នុងការដោះស្រាយជម្លោះ ក្នុងសហគមន៍តាំងពីយូរលង់មកហើយលើជម្លោះតូចតាច ដូចជាបញ្ហាព្រំដី បញ្ហាក្នុងគ្រួសារ ឬការជំពាក់ប្រាក់ជាដើមតាមរយៈការប្តឹងទៅអាជ្ញាធរមូលដ្ឋានភូមិ ឃុំរបស់ខ្លួន។ បច្ចុប្បន្ន រដ្ឋបាលឃុំ សង្កាត់បានដើរតួនាទីដ៏សំខាន់ ដែលជាអង្គភាពដំបូងក្នុងការទទួលដោះស្រាយ វិវាទជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ច្បាប់ស្តីពីការគ្រប់គ្រងឃុំ សង្កាត់បានចែង និងកំណត់អំពីតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដែលការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នេះ គឺមានវិសាល ភាពគ្របដណ្តប់លើការងារដោះស្រាយវិវាទនេះផងដែរ។ ក្នុងដំណើរការដោះស្រាយវិវាទនេះ ពេលខ្លះមេឃុំ ចៅសង្កាត់ មានតួនាទីជាអ្នកដោះស្រាយដោយផ្ទាល់ ឬប្រគល់ការងារឱ្យជំទប់ដែលតាមច្បាប់ជាអ្នកជួយការងារឱ្យមេឃុំ ចៅសង្កាត់លើការងារសណ្តាប់ធ្នាប់សាធារណៈនេះ។ បន្ថែមពីនេះ មេឃុំចៅសង្កាត់ ក៏អាចបង្កើតគណៈកម្មការដោះស្រាយទំនាស់ ដែលដឹកនាំដោយក្រុមប្រឹក្សាមួយរូប ដើម្បីទទួលបន្ទុកលើកិច្ចការងារដោះស្រាយទំនាស់នេះ។ ការងារសម្រុះសម្រួលដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ជាការងារដែលត្រូវបាន យកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។តួយ៉ាងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយ របស់រាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង បញ្ញាបការយល់ដឹងអំពីបេសកកម្មរបស់ អ.ដ.ក ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គ នៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ អ.ដ.ក. គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យ ប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និង លើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុង ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈ (១)-ការរក្សាបាននូវចរិតនៃការ ដោះស្រាយវិវាទក្នុងមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង(២)-ការ បញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវ សំណុំរឿងនៅតាមសាលាជម្រះក្តី។
ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សា ការងារជាមួយរដ្ឋបាលខេត្តកោះកុង អំពីលទ្ធភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរក៏ បានលើកឡើងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តកោះកុង៕
ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ នៃអនុគណៈកម្មការស្តង់ផលិតផលក្នុងស្រុក ស្តង់លក់ម្ហូបអាហារខ្មែរ និងវត្ថុអនុស្សាវរីយ៍ ចុះរៀបចំស្តង់សម្រាប់តាំងផលិតផលក្រុង ស្រុក និងស្តង់ម្ហូមអាហារ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (កោះកុងសង្ក្រាន្ត)នាពេលខាងមុខ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការងារផ្តល់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ពុំទាន់បានវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងភូមិសាស្តស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    សេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦

  • ហេង គីមឆន/
    13/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំ សង្ក្រាន្តឆ្នាំថ្មី ដើម្បីបញ្ចុះកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណៃជាតិខ្មែរ

  • មន្ទីរបរិស្ថាន/
    13/04/2026

    សារអំពាវនាវ ស្តីពីការចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី របស់មន្ទីរបរិស្ថានខេត្តកោះកុង