លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា អស់លោក លោកស្រី បានជ្រាបរួចហើយថា បណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញ សង្គមហ្វេសប៊ុក តែម្តង។ ជាការពិតណាស់ ក្រុមការងារព័ត៌មានវិទ្យាខេត្ត តែងតែបានសហការ យ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារ ជាមួយក្រុមការងារព័ត៌មានវិទ្យា របស់រដ្ឋបាលខេត្ត(រួមមាន ទីចាត់ការ អង្គភាព និងផ្នែកចំណុះសាលាខេត្តទាំងអស់) មន្ទីរ អង្គភាព និងសាខា មានដំណើរការល្អប្រសើរ និងមានការរីកចម្រើនជាបន្តបន្ទាប់ ដោយមានការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបាន បញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារ អំពីសកម្មភាពការងាររបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជនបានយល់ដឹងអំពី សកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ ទេសភាព លិខិតបទដ្ឋាន គតិយុត្តនានា យុទ្ធនាការ រួមទាំងព្រឹត្តិការណ៍នានារបស់ខ្លួន។
លោក លោកស្រីទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យា បណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ ឱ្យយើងទាំងអស់គ្នា បានយល់ដឹងអំពីអ្វីទៅជា ព័ត៌មានពិត និងអ្វីទៅជា ព័ត៌មានក្លែងក្លាយ ខ្ញុំសូមគូសបញ្ជាក់ថា សព្វថ្ងៃព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែកតិចតួចនៅឡើយ។ ដើម្បីឱ្យ ព័ត៌មានពិត បានផ្តល់ទៅ ដល់សាធាណៈជន ខ្ញុំស្នើបងប្អូនទាំងអស់ ចូលរួមសហការ ឱ្យបានយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត ត្រូវបន្តផ្សព្វផ្សាយ ចែករំលែកឱ្យបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។
ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យ អស់លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាន នៅក្នុងមន្ទីរ អង្គភាព និងសាខា របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ គេហទំព័រ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគោលគំនិតសំខាន់ៗមួយចំនួន ដែលត្រូវតែយកចិត្តទុកដាក់ រួមមាន៖
១-ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន ការលើកទឹកចិត្ត ដល់មន្ត្រីទទួល បន្ទុក ដូចជាសម្ភារ ធនធានគាំទ្រ ចាំបាច់នានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការ រៀបចំព័ត៌មាន។
២-មន្ត្រីរាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការឱ្យបានជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួនដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
៣-ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រី ជំនាញទទួលបន្ទុកគ្រប់គ្រង គេហទំព័រ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ឱ្យបាន ពេញលេញ និងមានតម្លាភាព ព្រមទាំងចូលរួមឆ្លើយតបឱ្យបានសមស្រប រហ័ស និងទាន់ពេលវេលា។
៤-ត្រូវតាមដាន ជាប្រចាំនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាន ដើម្បីមានមូលដ្ឋាន ក្នុង ការរៀបចំព័ត៌មាន ឱ្យកាន់តែបានល្អប្រសើរបន្ថែមទៀតទាំង គេហទំព័រ និងហ្វេកប៊ុកផេក របស់មន្ទីរ អង្គភាព និងសាខារបស់ខ្លួន។
៥-ជាមួយគ្នានេះផងដែរ ខ្ញុំស្នើលោក លោកស្រី ដែលមានភារកិច្ចពាក់ព័ន្ធ ចូលរួមក្នុងការទទួលយកបញ្ហា កង្វល់ និងរបាយការណ៍ ដែលកើតឡើងក្នុងមូលដ្ឋាន តាមរយៈក្រុបបណ្តាញ សង្គមខេត្តកោះកុង ធ្វើការដោះស្រាយ និងឆ្លើយតបឱ្យសមស្រប តាមការទទួលខុសត្រូវ របស់ សាម៉ីអង្គភាពខ្លួនរៀងៗខ្លួន។
៦-ដើម្បីឱ្យការងារកាន់តែ រហ័សទាន់ពេលវេលា មានការទទួលខុសត្រូវខ្ពស់ សូមលោក លោកស្រី ជម្រុញអនុវត្ត ការរផ្ញើឯកសារ តាមរយៈប្រព័ន្ធក្រុបតេឡេក្រាមនានា របស់រដ្ឋបាលខេត្ត ដើម្បីឱ្យការងារ ទទួលបានលទ្ធផលជាផ្លែផ្លាបន្ថែមទៀត៕
ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
December 12, 2025




































