លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ជូនលោកលោក ហ៊ី ណាសៀត ភរិយា សើ ម៉ៃសារាស់ ភូមិស្ទឹងវែង ដែលជាអំណោយរបស់ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ជាទីគោរព !
ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី«ប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ១គ្រួសារ» ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបាននិងកំពុងរៀបចំកម្មវិធីនាពេលនេះ។ ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលបានធ្វើសេចក្តីរាយកាណ៍នៅពេលអម្បាញ់មិញនេះ នាងខ្ញុំសូមធ្វើការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ជាពិសេស ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ផ្ទាល់ដែលតែងតែ គិតគូ ពីសុខទុក្ខបងប្អូនដែលកំពុងជួបការលំបាក។ ជាក់ស្តែងនៅថ្ងៃនេះ គឺ យើងទាំងអស់គ្នាបានកំពុងរៀបចំនូវពិធី «ប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ» ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំខេត្ត ជាពិសេសក្នុងនាមប្រជាពលរដ្ឋដែលបានទទួលអំណោយដ៏ថ្លៃថ្លានាថ្ងៃនេះ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ ដែលតែងតែខិតខំធ្វើការទំនាក់ទំនងជាមួយសមាគមនដៃគូនៅឯក្រៅប្រទេស ដើម្បីស្វែងរកជំនួយមកជួយដល់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងមានជីវភាពខ្វះខាតនិងជួបការលំបាក ដែលនេះគឺជាសកម្មភាពមនុស្សធ៌មយ៉ាងល្អប្រពៃ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម ការងារមនុស្សធ៌ម និងការកាត់បន្ថយអាត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
នាងខ្ញុំសូមឆ្លៀតយកឱកាសនេះ ស្នើសុំឱ្យបងប្អូន ប្រជាពលរដ្ឋដែលទទួលបានអំណោយដ៏ថ្លៃថ្លា នាថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រើប្រាស់ និងថែរក្សាឱ្យបានល្អប្រសើរ ហើយនាងខ្ញុំនឹងសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដ៏ទៃទៀត នឹងទទួលបានអំណោយជាបន្តបន្ទាប់ តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំនិងអភិវឌ្ឍ នាពេលខាងមុខ។
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
















