កោះកុង៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ផាត់ សេង អនុប្រធានមន្ទីរ និងជាប្រធានស្ថានីយ៍អចល័តបឹងឃុនឆាង ខេត្តកោះកុង បានចូលរួមសហការជាមួយក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ដឹកនាំដោយ ឯកឧត្តម គឹម សាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន២ទីតាំង លើផ្លូវជាតិលេខ៤៨ ខេត្តកោះកុង ទទួលបានលទ្ធផលដូចខាងក្រោម៖
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៧គ្រឿង ផ្ទុកលើសទម្ងន់ចំនួន០៣គ្រឿង ចន្លោះពី២០តោនដល់២៣តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០។
ក្រោយពីបានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន២ទីតាំង ឯកឧត្ដមអនុរដ្ឋលេខាធិការ និងរដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយ លោក គេង នាវ នាយករងរដ្ឋបាលសាលាស្រុក បានចុះដល់ដេប៉ូដឹកខ្សាច់ ដែលមានទីតាំងនៅលើផ្លូវខេត្តលេខ១៤៨៣ ភូមិសិលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីពន្យល់ ណែនាំដល់តំណាងម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ ផ្លូវខេត្ត និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕















