ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានប្រចាំខែកក្កដា និងទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២០។ បង្ហាញក្នុងកិច្ចប្រជុំឃើញថា ដោយមានការយកចិត្តទុកដាក់ សាមគ្គី សហការគ្នាយ៉ាងសកម្ម និងបានល្អ មន្ទីរព័ត៌មានខេត្តកោះកុង អនុវត្តការងារសម្រេចបានលទ្ធផលល្អគួជាទីមោទន។ ទោះបីលទ្ធផលល្អយ៉ាងនេះក្តី ឯកឧត្តមប្រធាន បានជម្រុញអោយមន្ត្រីគ្រប់លំដាប់ថ្នាក់បន្តនូវសាមគ្គីភាពកាន់តែរឹងមាំនិងខិតខំបន្ថែមទៀត ដើម្បីជោគជ័យការងារថ្មីៗចំពោះមុខ។ ឯកឧត្តម បន្តថា ដោយយោងស្មារតីប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានជម្រុញអោយមន្ទីរព័ត៌មានរាជធានី ខេត្ត ផលិតបទយកការណ៍ ជារូបភាព និងវីដេអូ អំពីការត្រៀមទទួលភ្ញៀវទេសចរណ៍ របស់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីដ្ឋាន ក្នុងឱកាសថ្ងៃឈប់សម្រាកសង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ។ ដូច្នេះក្រុមការងារផលិតរបស់ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត ត្រូវសហការគ្នាផលិតបទយកការណ៍មួយនេះអោយទទួលបានជោគជ័យ ដោយសុំការគាំទ្រពីរដ្ឋបាលខេត្តកោះកុង ពិសេសលោក ជំទាវ មិថុនា ភូថង
អភិបាលខេត្ត និងសហការ ជាមួយមន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលក្រុងខេមរភូមិន្ទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីអោយបទយកការណ៍មួយនេះទទួលបានជោគជ័យ។
កិច្ចប្រជុំរៀបចំនៅសាលប្រជុំមន្ទីរ។