លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួងប្រមូលផល-អនុផលព្រៃឈើ ស្ទឹងមេទឹក ស្ទឹងឬស្សីជ្រុំកណ្តាល និងស្ទឹងថ្មកំបុត រួមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ ចុះជួបប្រជុំ និងពិនិត្យការប្រមូលផល-អនុផលព្រៃឈើ នៃគម្រោងវារីអគ្គិសនីស្ទឹងមេទឹក និងស្ទឹងឫស្សីជ្រុំកណ្តាល ជាមួយក្រុមហ៊ុន ខ្មែរ អេឡិកត្រីខល ផៅវ័រ ដែលជាក្រុមហ៊ុនទទួលសិទ្ធ ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្ត ពោធិ៍សាត់ និងខេត្តកោះកុង។ តាមរយៈការចុះពិនិត្យឈើជាក់ស្តែង និងកិច្ចប្រជុំពិភាក្សា ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១. ក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការប្រមូលផល-អនុផលព្រៃឈើ ត្រូវពន្លឿនការប្រមូលឈើ ប្រមូលឱ្យអស់លទ្ធភាព និងបង់សួយសារថវិកាជូនរដ្ឋ
២. ត្រូវផ្តល់កិច្ចសហការឱ្យបានល្អប្រសើររវាងរដ្ឋបាលខេត្តកោះកុង ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន លើការគ្រប់គ្រងឈើដែលបានកាប់ហើយ ការរាប់ចំនួនឈើ និងការចេញលិខិតអនុញ្ញាតដឹកឈើចេញ (PC) ពីខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តទាំង២ ។
៣. រដ្ឋបាលខេត្តទាំង២ កោះកុង ពោធិ៍សាត់ ត្រូវមានក្រុមការងារ និងមន្រ្តីជំនាញ បរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើ មកប្រចាំការជាប្រចាំ ដើម្បីផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន និងធ្វើរបាយការណ៍ជូនគណៈកម្មការអន្តរក្រសួង។
ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ December 27, 2024