រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធី “បញ្ចុះបឋមសិលារបស់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព ៩០០ មេហ្គាវ៉ាត់” នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធី "បញ្ចុះបឋមសិលារបស់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព ៩០០ មេហ្គាវ៉ាត់" នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានការទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់ចាំបាច់បំផុតសម្រាប់ខេត្តកោះកុង ហើយបច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ បាននិងកំពុងដំណើរការ ជួសជុលកែលម្អលើកកម្ពស់គុណភាព (គិតត្រឹមខែសីហា ឆ្នាំ២០២៤ សម្រេចបានជាង ៦៤%) ហើយ តាមផែនការគ្រោងទុក គឺ នឹងបញ្ចប់ការដ្ឋានសាងសង់រួចរាល់ជាស្ថាបពរ នៅខែឧសភា ឆ្នាំ២០២៥ ខាង មុខនេះ។ ក្រៅពីផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង មានប្រវែងជាង១៩៨គីឡូម៉ែត្រ (គិតត្រឹមខែសីហា ឆ្នាំ២០២៤សម្រេចបានប្រមាណជា៩០%) ហើយតាមផែនការគ្រោងទុក គឺ នឹងបញ្ចប់ជាស្ថាបពរក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ កំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ មានបណ្តោយប្រវែង១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកចន្លោះពី៤ម៉ែត្រទៅ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញ ទម្ងន់២០០០តោន សម្រាប់ការដឹកជញ្ជូនទំនិញ អ្នកដំណើរ ឬអ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១ខ្នាត4E សាងសង់លើផ្ទៃដីសរុប ២១៨ហិកតា ហើយមានការសាងសង់នូវ អគារស្ថានីយ៍អ្នកដំណើរ និងស្ថានីយ៍គ្រប់គ្រងចរាចរណ៍ផ្លូវ អាកាសមានក្រឡាផ្ទៃសំណង់៥៧០០ម៉ែត្រការ៉េ ផ្លូវរត់ប្រវែង៣២០០ម៉ែត្រ អាចឲ្យយន្តហោះដឹកអ្នកដំណើរ ផ្លូវឆ្ងាយខ្នាតធំ ដូចជា Boeing 777 Airbus A340 ជាដើម អាចចុះចតបាន។
វារីអគ្គិសនី ចំនួន០៦កន្លែង ដែលក្នុងនោះ កំពុងដំណើរការផលិតមានចំនួន០៣កន្លែង និងកំពុងដំណើរការសាងសង់មានចំនួន០៣កន្លែង រួមមាន៖
• វារីអគ្គិសនី គិរីរម្យ ៣ (កំពុងដំណើរការផលិត) មានអានុភាព ១៨ មេហ្គាវ៉ាត់ (MW) មានទីតាំង ស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
• វារីអគ្គិសនីតាតៃ (កំពុងដំណើរការផលិត) មានអានុភាព ២៤៦ មេហ្គាវ៉ាត់ (MW) មានទីតាំង ស្ថិតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង
• វារីអគ្គិសនី ឫស្សីជ្រុំក្រោម (កំពុងដំណើរការផលិត) មានអានុភាព ៣៣៨ មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
• វារីអគ្គិសនី ស្ទឹងតាតៃលើ (កំពុងដំណើរសាងសង់) មានអានុភាព១៥០មេហ្គាវ៉ាត់ (MW) មាន ទីតាំងស្ថិតនៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
• វារីអគ្គិសនីស្ទឹងវាលថ្មកំបុត (កំពុងដំណើរការសាងសង់) មានអានុភាព១០០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
• វារីអគ្គិសនីស្ទឹងមេទឹក (កំពុងដំណើរការសាងសង់) មានអានុភាព១៥០មេហ្គាវ៉ាត់ (MW) មាន ទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងដើម្បី ប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីដែលមានភាពទាក់ទាញប្រកបដោយភាពស្រស់បំព្រង និងផាសុក ភាពស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា "តារារៈនាទិសនិរតី" ។

ឈរលើមូលដ្ឋាន នៃសមិទ្ធផលដែលសម្រេចបាន ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលនាពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានធ្វើកំណែទម្រង់ក្នុងវិស័យសំខាន់ៗ ក្នុងគោលដៅបម្រើឧត្តម ប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ដោយ បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាបាននូវសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាបាននូវចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស “បច្ចេកវិទ្យាឌីជីថល” សំដៅកសាងមូលដ្ឋានគ្រឹះដើម្បី ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេស មានចំណូលខ្ពស់។
ភ្លើង ឬ អគ្គិសនី គឺជាអាទិភាពគន្លឹះទី៤ នៅក្នុងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ហើយ សម្តេចអធិបតី បានគូស បញ្ជាក់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់«ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ»ថា៖ «ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយ សេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ព្រោះវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដែលចាំបាច់ ក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យផ្សេងៗទៀតលើគ្រប់វិស័យ។ ហើយការជំរុញការអភិវឌ្ឍវិស័យថាមពល អគ្គិសនីឱ្យបានត្រឹមត្រូវ ឱ្យបានរីកចម្រើនឆាប់រហ័ស ដើម្បីឈានដល់ការសម្រេចបានការផ្គត់ផ្គង់ ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានតម្លៃសមរម្យ គឺជាគន្លឹះដ៏ សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបង្កើនសុខុដុមនីយកម្មនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ»។
ហើយថ្ងៃនេះ ខេត្តកោះកុង មានភ័ព្វសំណាងទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺ រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្គាវ៉ាត់ ដែលបានវិនិយោគ និងកំពុងដំណើរការសាងសង់ដោយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូ អិល ធី ឌី និងបានកំពុងរៀបចំពិធីបញ្ចុះបឋមសិលា នាពេលនេះ។ បន្ទាប់ពីសាងសង់រួចរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្គាវ៉ាត់ នេះនឹងក្លាយជាប្រភពអគ្គិសនីដ៏សំខាន់ចាំបាច់មួយទៀត សម្រាប់បម្រើផលប្រយោជន៍ក្នុង វិស័យសេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕
ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ October 16, 2024

អត្ថបទទាក់ទង