លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទីងរលឹកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានអានសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីឆ្អឹងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥)
-សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិក
-សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវ កិត្តិយសជាតិ តំណាងអង្គទូតនៃបណ្តាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
-ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយ
-សមាជិក សមាជិកា នៃអង្គមីស្ទឹង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ គម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បាន សាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបាន ជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈាន មកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច លើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំង អស់គ្នា ក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូម ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិសូមមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ជារៀងដរាប។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា! ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ ១៩៧០ មក ដំណើរជាតិយើងមានភាព បត់បែន ស្មុគស្មាញ និងប្រកបដោយមហន្តរាយជាទីបំផុត។ បន្ទាប់ពីប្រជាជាតិយើងទទួលបានឯករាជ្យ បរិបូរណ៍នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពតែ ១៦ឆ្នាំ ប៉ុណ្ណោះ។ ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ ដែលបានដើរតាមខ្សែ ញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី។ បន្ទាប់ពីការដួលរលំនៃ របបសាធារណរដ្ឋខ្មែររបស់ពួកលន់ នល់ នៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ ប្រជាជនដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយថ្មីមួយទៀតក៏បានមកដល់ភ្លាម។ ពួក ប៉ុល ពត ដែលក្បត់នឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនបានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូ របស់ប្រជាជន ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។ ទឹកដីកម្ពុជា ទាំងមូលបានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែក របស់ប្រជាជន។ របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់ ៣លាន ៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាច ដែលរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ។
នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ ចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍បានកើតមានជាបន្តបន្ទាប់។ នៅថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណា ខ្ញុំ បានសម្រេចចាក ចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបវាលពិឃាដនេះ។ ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយ គ្នានេះ នៅក្នុងប្រទេស កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំង ប៉ុល ពត នៅ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទីបានបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុស ប្រមូលផ្តុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំ របប ប៉ុល ពត។ នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជាដែលបានរីកធំធាត់យ៉ាងរហ័ស រួមជាមួយ ការជួយឧបត្ថម្ភរបស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងអំណរសាទរចំពោះយុទ្ធជនរណសិរ្ស ដោយក្តីរំភើបរីករាយជាទី បំផុត។ ស្នាមញញឹម ៧មករា បានដិតជាប់ជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការ រស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។ ជោគជ័យដែលរដ្ឋកម្ពុជាសម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្តើមពីជំនួបចរចាលើកដំបូងរវាងខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះនរោត្តមសីហនុ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្តីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្តាលមក ទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។ ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ខ្ញុំព្រះករុណា ខ្ញុំ បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះ ស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យ រលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់ សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេល ជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការគោរព និងអរគុណយ៉ាងក្រៃលែងចំពោះប្រតិបត្តិករនៃនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តអនុវត្តនូវនយោបាយនេះ រហូតសម្រេច បានជោគជ័យយ៉ាងធំធេងជូនជាតិ។ នេះគឺជាការយកអាយុជីវិតធ្វើដើមទុនជាលើកទី២របស់ខ្ញុំព្រះករុណា ខ្ញុំដើម្បីជាតិ និងប្រជាជន។ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ សន្តិភាពដ៏យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ហើយថែមទាំងបានលុបបំបាត់ក្តីកង្វល់ សន្តិសុខដ៏ធំមួយសម្រាប់តំបន់ទាំងមូល ក៏ដូចសម្រាប់ប្រទេសជាច្រើនលើសកលលោកថែមទៀត។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា! រយៈពេល ២៦ឆ្នាំ កន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ កម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម រ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋ អធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ
មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។ កម្ពុជាពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុងដើម្បីធានា ស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ កម្ពុជា ដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ នៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ ពីតថភាពទាំងអស់នេះ ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យ ខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។ រាជរដ្ឋាភិបាល បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បី រក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹង ពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។ នៅចុងឆ្នាំ ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ គឺ (១)កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC), (២)មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12th), (៣)សម័យប្រជុំពេញអង្គនៃសភា អន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11th) និង(៤) កិច្ចប្រជុំកំពូលសៀមរាប- អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ តាមរយៈកិច្ចប្រជុំទាំងនេះ បានលើកស្ទួយថែមទៀតនូវ កិត្យានុភាពរបស់កម្ពុជា ប្រទេសជាច្រើនបានទទួលយកនូវមេរៀនពិសោធន៍ដ៏មានតម្លៃបំផុតរបស់កម្ពុជា
ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នៅ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបាន ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពី ក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។ លើមូលដ្ឋានតថភាព នេះ បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ខ្ញុំព្រះករុណា ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរ អម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន
គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានា សន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា! ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ យើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះ ជ័យជម្នះ។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។
ឆ្លងកាត់ពេលវេលាជាង ៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន នៅក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមធ្វើការគូសបញ្ជាក់សង្កត់ធ្ងន់ថែមទៀតជូនជនរួមជាតិនូវចំណុចមួយចំនួនដូចខាងក្រោម ៖
១- រដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់របស់បរទេស គឺជាឈួននៃ ភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវ វិនាសកម្មដល់ជាតិដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជ សាសន៍។ ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។ អាស្រ័យហេតុ នេះ យើងប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
២- អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជា តថភាពប្រវត្តិសាស្ត្រមួយ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។ ប្រជាជនកម្ពុជាត្រូវរង់ចាំ ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ព្រមជាមួយនេះ ខ្ញុំក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត “ច្បាប់ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ។
៣- សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាប ឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។ សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។ យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេល ដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិន អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
ក្នុងស្មារតីនេះ ខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបាន ច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។
៤- ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយដូចបណ្តាប្រទេសលើ ពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាកំពុង រួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងកំពុងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផល ថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចការលើកស្ទួយជីវភាពរបស់ខ្លួន។ ក្នុងឱកាសនេះ ខ្ញុំក៏សូម រំឭកជាថ្មីទៀតថា សូមបណ្តាប្រទេសរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រពីរលើក ដែលប្រទេសមួយចំនួន បានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត។ កំហុសលើកទី១ គឺការ គាំទ្ររដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ និងកំហុសលើកទី២ គឺការផ្តល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍ កាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្ម សេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជានឹងត្រូវបានគោរព។
៥- លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយ ត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះ កំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្តល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូប ឱ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។ ពិតណាស់ថា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជា អរិយប្រទេសមួយនោះ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិត គឺ «កម្ពុជាជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០»។ យើងពិតជាសម្រេចបាននូវគោលដៅនេះ ព្រោះថា ៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវ កម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង។ នៅត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។
៦- នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំឭកជាថ្មីនូវការដឹងគុណជានិច្ចចំពោះប្រទេសវៀតណាម ថ្នាក់ដឹកនាំវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមថ្លែងការដឹងគុណជានិច្ចចំពោះ សហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា ហើយបាននិងកំពុងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍របស់កម្ពុជា។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា! ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅ ប្រទេស ដែលបានផ្តល់ការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់ មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួម សកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ ២០២៥នេះ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយ ប្រគេនពរសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សូមប្រសិទ្ធពរ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជន រួមជាតិទាំងអស់នៅគ្រប់ទិសទី សូមទទួលបានជោគជ័យ សិរីមង្គលក្នុងឱកាសឆ្នាំថ្មីនេះ និងបានប្រកបនូវ ពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរព្រះគុណ សូមអរគុណ !
ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ January 7, 2025