រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គចែករំលែកស្តីពីការកាត់បន្ថយហានិភ័យការប្រែប្រួលអាកាសធាតុរួមបញ្ចូលបរិយាបន្នពិការភាពនៅក្នុងគោលដៅ ចំនួន ០២ គឺក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គចែករំលែកស្តីពីការកាត់បន្ថយហានិភ័យការប្រែប្រួលអាកាសធាតុរួមបញ្ចូលបរិយាបន្នពិការភាពនៅក្នុងគោលដៅ ចំនួន ០២ គឺក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ដែលបានកើតចេញ ឡើងពីឆន្ទៈដ៏មោះមុត មនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រ ការបូជាសាច់ស្រស់ឈាមស្រស់ ការធ្វើ ពលិកម្មគ្រប់បែបយ៉ាង និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី តាមរយៈនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយ ជោគជ័យនូវយុទ្ធ សាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផល ធំៗលើគ្រប់វិស័យ ទាំងកិច្ចការនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យប្រទេសកម្ពុជាមាន ការអភិវឌ្ឍ គួរជាទីមោទនៈបំផុត។ ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខក្នុងរយៈពេល២៥ឆ្នាំ ដោយ បានគិតគូរ និងដាក់ចេញជា ៥ដំណាក់កាល ដើម្បីតម្រង់ទិសអនុវត្តកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗនៃរដ្ឋសភា។ អនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងឈរលើមូលដ្ឋាន នៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹត្យកម្មបរិស្ថាន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០។ នៅត្រង់ចំណុចនេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់បន្ថែមទៅលើប្រធានបទនៃវគ្គបណ្តុះបណ្តាល របស់យើងនាពេលនេះ គឺ «ការប្រែប្រួលអាកាសធាតុ» តើមាននរណាដឹងទេថា តើអ្វីទៅជា ការប្រែប្រួលអាកាសធាតុ? តើជនណាខ្លះ ដែលងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ? ហើយការប្រែប្រួលអាកាសធាតុវាបានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះមកលើការរស់នៅ និងជីវភាព របស់ប្រជាជនយើង? សំនួរទាំងនេះ គឺជាសំនួរ ដែលខ្ញុំគ្រាន់តែលើកយកមកដើម្បីពញ្ញាក់ស្មារតី ដល់សិក្ខាកាមដើម្បីត្រៀមលក្ខណៈជាមុន ហើយក្នុងរយៈពេល០២ថ្ងៃនេះ លោក លោកស្រី សិក្ខាកាមនឹងបានយល់កាន់តែច្បាស់បន្ថែមទៀត តាមរយៈការធ្វើបទបង្ហាញពីសំណាក់ គ្រូឧទ្ទេស ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យនេះ។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គឺមានការឧបត្ថម្ភគាំទ្រ ពីសំណាក់អង្គការ អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍ ដូច្នេះខ្ញុំសូមសំណូមពរដល់សិក្ខាកាមទាំងអស់ សូមមេត្តាយកចិត្ត ទុកដាក់ស្តាប់ និងក្រេបជញ្ជក់ចំណេះដឹង ពីគ្រូឧទ្ទេសនាម ឱ្យបានម៉ត់ចត់ច្បាស់លាស់ និងត្រូវ លើកជាមតិយោបល់ ឬសំណួរ ដើម្បីឱ្យខ្លួនឯងយល់កាន់ច្បាស់ និងមានមូលដ្ឋានដើម្បីយកទៅ ដើម្បីរៀបចំផែនការដែលបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយបរិយាប័ន្ន ជាពិសេស បងៗប្អូនៗ ដែលមានពិការភាព៕

ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ September 10, 2024

អត្ថបទទាក់ទង