(កោះកុង)នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភាព កុសល មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង កោះកុង បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កោះកុង។
លោកវរសេនីយ៍ឯក ភាព កុសល បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំផុសបំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាការបាត់បង់ដីទៅឱ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនមួយចំនួនដែលមិនយល់ពីការពិតឱ្យធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប។ លោកមេបញ្ជាការរង ក៏បានផ្សព្វផ្សាយអំពីច្បាប់ សារាចរណែនាំសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក និងបានបញ្ជាក់ពីជំហររឹងមំាក្នុងនាមជាយោធិនត្រូវតែស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឱ្យបានសេចក្តីសុខសាន្ត របស់ប្រជាជន រក្សាការពារឱ្យបានសន្តិភាព ដើម្បីឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរងបានជំរុញអោយយោធិនទាំងអស់ត្រូវបង្កើនសមត្ថភាពចំណេះដឹង គោរពបទបញ្ជា និងប្រុងប្រៀបខ្លួនជាស្រេចរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕