លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមន្សក្រៃលែង ដោយបានទទួលស្វាគមន៍ចំពោះវត្តមាន របស់គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីនៃខេត្តកោះកុងរបស់យើងខ្ញុំ នាឱកាសនេះ ក្នុងគោលបំណង ស្វែងយល់ពីសក្តានុពលខេត្តកោះកុង និងគោលនយោបាយ លើក ទឹកចិត្ត របស់រដ្ឋបាលខេត្ត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនគណៈប្រតិភូ បានជ្រាបដោយសង្ខេប អំពីលក្ខណៈភូមិសាស្ត ប្រជាសាស្ត្រ សក្ដានុពល និងសមិទ្ធផលខ្លះៗនៃខេត្តកោះកុង ដូចតទៅ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨គ.ម២(ដប់ពាន់ សូន្យរយ សែសិបប្រាំ ក្បៀស ហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចែកចេញជា ក្រុង១ មាន០៣សង្កាត់ ស្រុក៦ មាន២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៥,៦២៦គ្រួសារ (សាមសិបប្រាំពាន់ ប្រាំមួយរយ ម្ភៃប្រាំមួយ គ្រួសារ) មានប្រជាជនសរុបចំនួន ១៥១,៣៤៨នាក់ (មួយរយហាសិបមួយពាន់បីរយសែសិបប្រាំបីនាក់) ក្នុងនោះ ស្រីមានចំនួន ៧៥,៣០៤នាក់ (ចិតសិបប្រាំពាន់ បីរយបួននាក់) និងមានដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋមាន ផ្នែកកសិកម្ម ធ្វើស្រែចំការ ដាំដំណាំ នេសាទ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ ប្រមាណ៥៤.៧% ផ្នែកសេវាកម្មនិងពាណិជ្ជកម្ម ប្រមាណ៤៥% ផ្នែកសិប្បកម្ម ប្រមាណ០.៣% និងមានមុខរបរបន្ទាប់បន្សំមួយចំនួន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសកម្ពុជាឱ្យចេញផុតពីស្ថានភាព ដែលវិនាសខ្ទេចខ្ទី ដោយបាន ឮបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា ព្រមទាំងបាននាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។ នៅឆ្នាំ២០២៥ខាងមុខនេះ ខេត្តកោះកុង នឹងក្លាយជាគោលដៅដ៏សំខាន់មួយ សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈផ្លូវជាតិធំៗទាំង២ខ្សែនេះ បានសាងសង់រួចរាល់ ហើយផ្លូវជាតិទាំង ២ខ្សែនេះ នឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ខេត្តកោះកុង។ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន០៤កន្លែង តំបន់សេដ្ឋកិច្ចពិសេសចំនួន០៥កន្លែង ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋជាងមួយម៉ឺននាក់ ក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្មនិងដំណាំកៅស៊ូចំនួន០៨ក្រុមហ៊ុន ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយវិនិយោគលើវិស័យទេសចរណ៍ចំនួន ១០ក្រុមហ៊ុន តំបន់ព្រំដែនដែលមានសណ្ឋាគារលំដាប់ផ្កាយ៥ នៅជាប់មាត់សមុទ
ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បី លើកស្ទួយសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គោលបំណងនៃកិច្ចជំនួបនេះដែរគឺ ដើម្បីពង្រឹងការអភិវឌ្ឍន៍ភ្នែកសេដ្ឋកិច្ចនៅខេត្តកោះកុងជាពិសេសនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនដូចកូរ៉េខាងត្បូងដែរ។ ជាទីបញ្ចប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរាជទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចុះមកបំពេញបេសកកម្មនៅលើទឹកដីខេត្តកោះកុង នាងខ្ញុំសូមគោរពជូនពរឯកឧត្តម អស់លោកទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងដំណើរបេសកកម្មនាឱកាសនេះ៕
ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ August 20, 2024